អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីរដ្ឋបាលជលផល ស្តីពី “មូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងជីភីអេស” ចាប់ពីថ្ងៃចន្ទ ទី០៦កើតដល់ថ្ងៃទី១០កើត ខែមាឃ ត្រូវនឹងថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ។ ការបណ្តុះបណ្តាលនេះ ដឹកនាំសម្របសម្រួលដោយលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងអ្នកសម្របសម្រួលកម្មវិធី CAPFISH-Capture និងក្រុមការងារបច្ចេកទេសនៃអង្គការFAO។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទសំខាន់ៗរួមមាន (១)ការស្វែងយល់ពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងទ្រឹស្តីទិន្នន័យ (២)ការហ្វឹកហាត់គ្រប់គ្រងទិន្នន័យប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (៣)ការស្វែងយល់របៀបប្រើប្រាស់កម្មវិធី ArcGIS Desktop និង(៤)ទស្សនាទាន និងការប្រើប្រាស់ឧបករណ៍ជីភីអេស។
រដ្ឋបាលជលផល សហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំងអង្គការដៃគូមួយចំនួនទៀត ដែលដឹកនាំដោយឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងលោក Bryan FORNARI ជាប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក Sebastien COPIN អ្នកគ្រប់គ្រងកម្មវិធីជលផលនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចនៅខេត្តសៀមរាបដើម្បីពិនិត្យមើលតំបន់អនុវត្តកម្មវិធី CAPFISH-Capture ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូ បានជួបជាមួយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបផងដែរ ដោយនៅក្នុងជំនួបនេះ ប្រធានបទសំខាន់ត្រូវបានលើកយកមកពិភាក្សារួមមាន ការនេសាទខុសច្បាប់ ការដកហូតកាតក្រហមចេញពីកម្ពុជា សារៈសំខាន់នៃតំបន់ព្រៃលិចទឹក ផែនការគ្រប់គ្រងភ្លើងឆេះព្រៃលិចទឹក ការបោះបង្គោលដែនអភិរក្សនេសាទ និងការកែច្នៃផលិតផលជលផលសម្រាប់ទីផ្សារសហភាពអឺរ៉ុបបន្ទាប់ពីប្រទេសកម្ពុជាត្រូវបានដកកាតក្រហមIUU។
រដ្ឋបាលជលផល សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កំពុងបណ្តុះបណ្តាលមន្ត្រីរដ្ឋបាលជលផល មន្ត្រីខណ្ឌរដ្ឋបាលជលផលមកពីខេត្តតំបន់ឆ្នេរ និងអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ស្តីពី “ការមុជទឹកត្រួតពិនិត្យ និងតាមដានផ្កាថ្ម និងថ្មប៉ប្រះទឹក” នៅកោះរ៉ុង ខេត្តព្រះសីហនុ ចាប់ពីថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ដល់ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)។ ការបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន១០នាក់ ដឹកនាំដោយនាយកដ្ឋានអភិរក្សជលផល អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងខ្មែរដាយគ្រុប ដោយផ្តោតលើ (១). ជំនាញមុជទឹក (២). ប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម និងការគំរាមកំហែង (៣). វិធីសាស្ត្រតាមដានផ្កាថ្ម (៤). ការមុជទឹកស្រាវជ្រាវប្រភេទត្រី (៥). ការកំណត់អត្តសញ្ញាណត្រី ពពួកសត្វឥតឆ្អឹងកងខ្នង និងភាវរូបស្រទាប់បាត។
ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹង ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញមួយចំនួន បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញមកពិនិត្យកសិដ្ឋានបង្កងទួលទន្លេជុំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ខេត្តកំពង់ឆ្នាំង: ថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល ក្រោមការដឹកនាំដោយ បណ្ឌិត ទូច ប៊ុនថង តាមរយៈការគាំទ្របច្ចេកទេសដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH-Capture) កំពុងផ្ដល់ការបណ្ដុះបណ្ដាលអំពីវិធីសាស្ដ្រប្រមូលទិន្នន័យតាមដាន ផលចាប់ជលផលទឹកសាបតាមបែបវិទ្យាសាស្ដ្រ រយៈពេល២ថ្ងៃ (ថ្ងៃទី២៣ និង២៤ ខែមិថុនា ឆ្នាំ២០២១) ដល់មន្ដ្រីស្រាវជ្រាវទទួលបន្ទុកប្រមូលទិន្នន័យ តាមរយៈការចុះអនុវត្ដដោយផ្ទាល់នៅទីវាល នៅភូមិកោះតាម៉ូវ ឃុំព្រះគគី ស្រុកបូរិបូណ៌ ខេត្ដកំពង់ឆ្នាំង។ ការអនុវត្ដវិធីសាស្ដ្រប្រមូលទិន្នន័យសាកល្បងនេះជាដំណាក់កាលសិក្សារៀនសូត្រគន្លឹះ ដើម្បីពង្រឹងសមត្ថភាព និងស្មារតីដល់មន្ដ្រីវិទ្យាស្ថានក្នុងការអនុវត្ដការប្រមូលទិន្នន័យតាមដានផលចាប់ជលផលប្រចាំខែទូទាំងប្រទេស ប្រកបដោយប្រសិទ្ធិភាព ស្របតាមវិធីសាស្ដ្រស្រាវជ្រាវលក្ខណៈវិទ្យាសាស្ដ្រ និងលក្ខខណ្ឌតម្រូវ ដែលកំណត់នៅក្នុងឯកសារណែនាំវាយតម្លៃផលចាប់ជលផលទឹកសាបតាមបែបវិទ្យាសាស្ដ្រក្នុងប្រទេសកម្ពុជា។
ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០ ២១ លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម Technical Working Group On Fisheries Meeting នៅរដ្ឋបាលជលផល។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០ ២១ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០២០ និងទិសដៅអនុវត្តការងារឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលជលផល។
Fisheries Administration
No. 186, Norodom Boulevard, Sangkat Tonle Basac Khan Chamcar Mon, Phnom Penh, Cambodia. P.O. Box 582.
Website: http://www.fia.maff.gov.kh
;