សាវតា
នៅព្រះរាជាណាចក្រកម្ពុជាយើងការធ្វើអាជីវកម្មនេសាទគឺជាការធ្វើនេសាទលើធនធាន ជលផលធម្មជាតិហើយដែលត្រូវបានកំណត់ដោយបទដ្ឋានច្បាប់ និងទៅតាមលក្ខណៈ បច្ចេកទេសក្នុងគោលបំណងថែរក្សាការពារប្រភពធនធាន និងធានាបាននូវនិរន្តរភាពសម្រាប់ អនាគតកាល។
ការធ្វើនេសាទត្រូវបានបែងចែកទៅតាមប្រភេទ និងទំហំ ឧបករណ៍ដែលការអនុវត្តជាក់ស្តែង កន្លងមកគឺរួមមានការនេសាទជាលក្ខណៈគ្រួសារ ការនេសាទជាលក្ខណៈសិប្បកម្ម និងការនេសាទជាលក្ខណៈឧស្សាហកម្ម។ ការធ្វើនេសាទគឺប្រព្រឹត្តទៅ តាមពេលវេលា និងរដូវនេសាទដែលកំណត់ដោយ ច្បាប់ ហើយដែលក្នុងនោះច្បាប់បានកំណត់ឱ្យមានជារដូវបិទនេសាទនិងរដូវបើកនេសាទ។
ផលនេសាទទាំងអស់ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពគ្រួសារលក់នៅលើទីផ្សារកែច្នៃទុកប្រើប្រាស់រយៈពេលយូរ និងនាំចេញទៅ លក់នៅបរទេស។ ការធ្វើអាជីវកម្មនេសាទនៅ កម្ពុជាមានចរិតលក្ខណៈជា ប្រវត្តិសាស្ត្រយូរលង់មកហើយ ដោយសារភាពអំណោយផលនៃស្ថានភាពភូមិសាស្ត្រប្រព័ន្ធទន្លេមេគង្គ រួមជាមួយនឹងបឹងទន្លេសាប។ជាពិសេសផល និងផលិតផលនេសាទបានរួមចំណែកក្នុងសេដ្ឋកិច្ចសង្គមកម្ពុជា និងនៅក្នុង វិស័យសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ផងដែរ។