នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ

សាវតា

បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសធ្វើការកែទម្រង់គោលនយោបាយវិស័យជលផលកាល ពីខែតុលា ឆ្នាំ ២០០០ មកនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ត្រូវបានបង្កើតឡើងតាម ប្រកាសលេខ០៨៤ ប្រក. សកស.បុ ចុះថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០០១ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ការបង្កើតនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ គឺជាការបង្កើននូវ សមត្ថភាពជំនាញរបស់រដ្ឋបាលជលផលក្នុងការទទួលខុសត្រូវ រៀបចំចាត់ចែង និង គ្រប់គ្រង សហគមន៍នេសាទនៅទូទាំងប្រទេស។

ការកែទម្រង់គោលនយោបាយវិស័យជលផល គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយយ៉ាង សំខាន់ដែលពុំធ្លាប់កើតមាននៅក្នុងប្រវត្តិនៃការគ្រប់គ្រងវិស័យជលផលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានប្រកាសលុប និង កាត់បន្ថយផ្ទៃឡូត៍នេសាទនៅទូទាំងប្រទេសចំនួន ជាង ៥៦ ភាគរយដើម្បីផ្តល់ជូនប្រជាពលរដ្ឋមូលដ្ឋាន ធ្វើការគ្រប់គ្រង និង ប្រើប្រាស់ឱ្យមាន ប្រសិទ្ឋភាព សមធម៌ និង និរន្តរភាពតាមរយៈការចូលរួមយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ជាពិសេសអ្នកដែលមានមុខរបរពឹងផ្អែកលើធនធានជលផល។ព្រឹត្តិការណ៍ដ៏សំខាន់នេះបានធ្វើឱ្យមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទៅ និងធ្វើឱ្យមាន ការចាប់អារម្មណ៍ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តជាតិក៏ដូច ជាម្ចាស់ជំនួយ ធំៗនៅលើសលកលោកផងដែរ។

មូលហេតុដែលធ្វើឱ្យមានការកែទំរង់ដ៏ទូលំទូលាយនេះ គឺបណ្តាលមកពីកត្តានានាជាច្រើន ក្នុងនោះរួមមានការកើនឡើងនូវទំនាស់រវាងអ្នកនេសាទជាលក្ខណៈគ្រួសារ និងនេសាទទ្រង់ទ្រាយធំ ម៉្យាងទៀតដោយរាជរដ្ឋាភិបាលបានមើលឃើញ  ពីការលំបាករបស់ប្រជានេសាទនៅមូលដ្ឋាន ដោយប្រជាពលរដ្ឋមានដែននេសាទតូចចង្អៀតមិនអាចប្រកប របរចិញ្ចឹមជីវិតសមល្មម និងដោយសារមានការវិវឌ្ឍន៍នៅលើពិភពលោកដែលមានប្រទេសជាច្រើនបានធ្វើការផ្លាស់ប្តូរ របៀបនៃការគ្រប់គ្រងវិស័យជលផល ពីការគ្រប់គ្រងតាមបែបមជ្ឈការ មកការគ្រប់គ្រងធនធាន ជលផលតាមរបៀបនៃការចូលរួមពីសំណាក់អ្នកប្រើប្រាស់ធនធានទាំងអស់វិញ។

 ឆ្លើយតបនឹងគោលនយោបាយកែទំរង់ដ៏ថ្លៃថ្លានេះ រដ្ឋបាលជលផលបានខិតខំបង្កើន សមត្ថភាពរបស់ខ្លូន ដើម្បីលើកកំពស់គុណភាពនៃការគ្រប់គ្រងវិស័យជលផលឱ្យមាន ប្រសិទ្ឋភាពនិងជំរុញការរៀបចំ សហគមន៍នេសាទនៅទូទាំងប្រទេសឱ្យបានជោគជ័យស្រប តាមផែនការនិងទិសដៅដែលបានកំណត់។  សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ ជាពិសេសចាប់តាំងពីឆ្នាំ ២០០១រហូតដល់២០០៥ នេះគឺបានបង្ហាញពីការ ទទួលខុសត្រូវនិងការប្តេជ្ញាចិត្តយ៉ាង ខ្ពង់ខ្ពស់របស់រដ្ឋបាលជលផលក្នុងការពុះពារនូវ រាល់ការលំបាកនិងបញ្ហា ប្រឈមនានាក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសមត្ថកិច្ចជំនាញនិងជាតំណាងរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។