សារ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល
សូមស្វាគមន៍ មិត្តអ្នកអានតាមប្រព័ន្ធវែបសាយជាទីមេត្រី! ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រិយមិត្តទាំងអស់ដែលបានឆ្លៀតឱកាស ចូលមក អាន និងតាមដានព័ត៌មានអំពីវិស័យជលផលនៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវែបសាយនេះ។ វិស័យជលផលកម្ពុជាដើរតួនាទីយ៉ាងសំខាន់តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ វាបានចូលរួមចំណែកក្នុងការបង្កើតមុខរបរសម្រាប់ជីវភាពប្រជាជន កំណើនផលិតផលក្នុងស្រុកសរុប និងកំណើនសេដ្ឋកិច្ចជាតិ។ ត្រី និងផលិតផលជលផលជាប្រភពអាហារូបត្ថម្ភចម្បង និងចាំបាច់នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ប្រជាជន ដែលផ្តល់ជាតិប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែសំខាន់ៗ។ លើសពីនេះទៀត ជលផលក៏មានតួនាទីសំខាន់ក្នុងវិស័យវប្បធម៌ ប្រពៃណី និងទេសចរណ៍ថែមទៀតផង។ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសសម្បូរប្រភេទត្រីទឹកសាប និងសមុទ្រ ដែលមានប្រមាណជាង១ ២០០ប្រភេទ ក្នុងនោះប្រភេទត្រីទឹកសាបមានជាង៥០០ប្រភេទ និងត្រីទឹកសមុទ្រមានជាង៧០០ប្រភេទ។ ជាទីបញ្ចប់តាងនាមរដ្ឋបាលជលផល ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ សូមគោរពជូនពរប្រិយមិត្តទាំងអស់ជួបប្រទះតែពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំប្បីឃ្លៀងឃ្លាតឡើយ។