ខេត្តកំពង់ឆ្នាំង: ថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល ក្រោមការដឹកនាំដោយ បណ្ឌិត ទូច ប៊ុនថង តាមរយៈការគាំទ្របច្ចេកទេសដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH-Capture) កំពុងផ្ដល់ការបណ្ដុះបណ្ដាលអំពីវិធីសាស្ដ្រប្រមូលទិន្នន័យតាមដាន ផលចាប់ជលផលទឹកសាបតាមបែបវិទ្យាសាស្ដ្រ រយៈពេល២ថ្ងៃ (ថ្ងៃទី២៣ និង២៤ ខែមិថុនា ឆ្នាំ២០២១) ដល់មន្ដ្រីស្រាវជ្រាវទទួលបន្ទុកប្រមូលទិន្នន័យ តាមរយៈការចុះអនុវត្ដដោយផ្ទាល់នៅទីវាល នៅភូមិកោះតាម៉ូវ ឃុំព្រះគគី ស្រុកបូរិបូណ៌ ខេត្ដកំពង់ឆ្នាំង។ ការអនុវត្ដវិធីសាស្ដ្រប្រមូលទិន្នន័យសាកល្បងនេះជាដំណាក់កាលសិក្សារៀនសូត្រគន្លឹះ ដើម្បីពង្រឹងសមត្ថភាព និងស្មារតីដល់មន្ដ្រីវិទ្យាស្ថានក្នុងការអនុវត្ដការប្រមូលទិន្នន័យតាមដានផលចាប់ជលផលប្រចាំខែទូទាំងប្រទេស ប្រកបដោយប្រសិទ្ធិភាព ស្របតាមវិធីសាស្ដ្រស្រាវជ្រាវលក្ខណៈវិទ្យាសាស្ដ្រ និងលក្ខខណ្ឌតម្រូវ ដែលកំណត់នៅក្នុងឯកសារណែនាំវាយតម្លៃផលចាប់ជលផលទឹកសាបតាមបែបវិទ្យាសាស្ដ្រក្នុងប្រទេសកម្ពុជា។
ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០ ២១ លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម Technical Working Group On Fisheries Meeting នៅរដ្ឋបាលជលផល។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០ ២១ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០២០ និងទិសដៅអនុវត្តការងារឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលជលផល។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែមករា ឆ្នាំ២០ ២១ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹម និងផលិតពូជត្រីលម្អ First Aquatic Industrial Co., Ltd ស្ថិតនៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កសិដ្ឋាននេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគប្រមាណ ៤លានដុល្លារ ដោយមិនបានរួមបញ្ចូលការវិនិយោគលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធទេ។ បច្ចុប្បន្នកសិដ្ឋានមានផលិតពូជ និងចិញ្ចឹមត្រីលម្អត្រីនាគ និងត្រីបបែលទឹកសាបដែលនាំពូជចូលមកពីប្រទេសចិន និងមានពូជត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀតផងដែរ។ នៅឆ្នាំខាងមុខនេះ កសិដ្ឋានគ្រោងនឹងនាំចេញត្រីនាគ ១០០០ក្បាល/ឆ្នាំ (តម្លៃត្រីនាគធំចាប់ពី ១០០០ដុល្លារ/ក្បាល) និងត្រីបបែលទឹកសាបជាង៥០០០ក្បាល/ឆ្នាំ (តម្លៃត្រីបបែល ២០០ដុល្លារ/ក្បាល) ទៅកាន់ទីផ្សារប្រទេសចិន។ កសិដ្ឋានប្រើកម្មករសរុបចំនួន ៥០នាក់ ក្នុងនោះមានអ្នកជំនាញបង្កាត់ភ្ញាស់មកពីប្រទេសទេសចិន និងខ្មែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុន ដោយបញ្ជាក់ថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការសម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគផលិតពូជ និងចិញ្ចឹមត្រីលម្អ ដំណើរការនាំចេញត្រីលម្អនេះសម្រេចទទួលបានជោគជ័យ។
ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម ពិធីសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិច កូនត្រីអណ្តែង កូនកង្កែប និងចំណីសម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីវីដ ១៩ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន នៅភូមិស្វាយធំ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ចំនួន៤៦គ្រួសារ ក្នុង១គ្រួសារទទួលបានចំណី៤បាវ វីតាមីន៣កញ្ចប់ តង់ប្លាស្ទិចចំនួន១ កូនត្រីអណ្តែង៧០០ក្បាល។
ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តមអភិបាលរងខេត្ត និងមន្រ្តីជំនាញជាច្រើនរូប បានអញ្ជើញមកជួបសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិក កូនត្រីអណ្តែង និងចំណី ជូនកសិករយកទៅចិញ្ចឹមត្រីជាលក្ខណគ្រួសារសម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអំឡុងពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ ១៩ នៅភូមិដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បាននាំយកម៉ាសចំនួន២០០០០ម៉ាស់ អាកុល៤កាន ដបដាក់អាល់កុល២០០ដប និងថវិកា៨០០ដុល្លា ចែកជូនឃុំទាំង៤គឺឃុំក្រឡា វិហារធំ ហាន់ជ័យ និងឃុំគគរ ដើម្បីប្រើប្រាស់ការពារទប់ស្កាត់ជម្ងឺកូវីក19 នៅតាមមូលដ្ឋាន។
Fisheries Administration
No. 186, Norodom Boulevard, Sangkat Tonle Basac Khan Chamcar Mon, Phnom Penh, Cambodia. P.O. Box 582.
Website: http://www.fia.maff.gov.kh
;