ការពិគ្រោះយោបល់លើការបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រជាមួយអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិក្នុងខេត្តជាប់មាត់សមុទ្រទាំង៤
2023-11-24 107

ការពិគ្រោះយោបល់លើការបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រជាមួយអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិក្នុងខេត្តជាប់មាត់សមុទ្រទាំង៤

នៅខែសីហា ឆ្នាំ២០២២ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO CAPFISH-Capture រដ្ឋបាលជលផលបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចំនួន4 ដើម្បីពិភាក្សា និងជូនដំណឹងដល់អ្នកពាក់ព័ន្ធសំខាន់ៗអំពីសេចក្តីព្រាងផែនការគ្រប់គ្រងជលផលសមុទ្រ (MFMP) និងដាក់បញ្ចូលធាតុចូលសំខាន់ដែលប្រមូលបានពីអ្នកពាក់ព័ន្ធ។ដំណើរការរៀបចំ MFMP បានចាប់ផ្តើមតាំងពីឆ្នាំ២០២១ ជាមួយនឹងការពិនិត្យឡើងវិញនូវព័ត៌មានស្តីពីជលផលសមុទ្ររបស់កម្ពុជា ក៏ដូចជាការត្រួតពិនិត្យគោលនយោបាយសង្ខេប។ គោលបំណងចម្បងរបស់ MFMP គឺដើម្បីលើកកម្ពស់តុល្យភាពរវាងសុខុមាលភាពអេកូឡូស៊ីដែលផ្តោតលើធនធានជលផល និងបរិស្ថានដែលមានសុខភាពល្អ និងសុខុមាលភាពរបស់មនុស្សដែលទាក់ទងនឹងសន្តិសុខស្បៀង ការងារ ជីវភាពរស់នៅ និងប្រាក់ចំណូល ពិសេសដើម្បីធានាថាផលប្រយោជន៍ដែលទទួលបានពីជលផលមានសម្រាប់មនុស្សជំនាន់ក្រោយ។កំឡុងពិគ្រោះយោបល់ មានអ្នកពាក់ព័ន្ធចូលរួមសរុបចំនួន ២២៨នាក់ ក្នុងនោះស្រី៦៣នាក់ រួមមានអាជ្ញាធរជាតិ និងខេត្ត បុគ្គលិករដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផល អធិការកិច្ចជលផលសមុទ្រ កងទ័ពជើងទឹក គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាយកដ្ឋាននគរបាលការពារព្រំដែនសមុទ្រ អ្នកនេសាទ អ្នកកែច្នៃត្រី អ្នកជំនួញត្រីខ្នាតតូច និងអង្គការមិនមែនរដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍។ សេចក្តីព្រាង MFMP នឹងឆ្លងកាត់ការពិគ្រោះយោបល់បន្ថែម ហើយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២២។