EU និងអង្គការ FAO គាំទ្ររដ្ឋបាលជលផល
2023-11-16 88

EU និងអង្គការ FAO គាំទ្ររដ្ឋបាលជលផល

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកែប អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផល បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងខេត្តតំបន់ឆ្នេរ និងអ្នកពាក់ព័ន្ធផ្នែក នេសាទផ្សេងទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទ នៅតំបន់ឆ្នេរសមុទ្រ។ វគ្គបណ្តុះបណ្តាលនេះនឹងកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងជលផល ដោយផ្តោតលើសកម្មភាពនៃការនេសាទហួសកម្រិត និងដែននេសាទសេរី ផលវិបាកនានាដែលបានប្រឈម ពិភាក្សាយុទ្ធសាស្រ្តនិងផែនការអនុវត្តនានាដើម្បីដោះស្រាយ។ ជម្រកត្រីសំខាន់ៗរួមមាន ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង គឺជាកន្លែងបន្តពូជ លូតលាស់ និងចិញ្ចឹមជីវិតរបស់ត្រី។ ត្រីសមុទ្រមិនអាចរស់បានដោយគ្មានទីជម្រកដែលសំបូរដោយសុខុមាលភាព និងបរិស្ថានល្អឡើយ។ ដូច្នេះការគ្រប់គ្រងជលផលប្រកបដោយប្រសិទ្ធភាពនឹងរួមចំណែកដល់ដំណើរការធ្វើឱ្យមានកំណើនតម្លៃសេដ្ឋកិច្ចដែលទាញចេញពីជលផលសមុទ្រ សំដៅធានាថាធនធានត្រូវបានប្រើប្រាស់ក្នុងកម្រិតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លោកបួយ រតនា អនុប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា “ការគ្រប់គ្រងបរិមាណត្រីដែលអាចនេសាទបាន គឺចាំបាច់ដើម្បីធានាការនេសាទប្រកបដោយនិរន្តរភាព។ ផ្នែកមួយនៃការធានានូវនិរន្តរភាពនេះ គឺការកៀងគរភាគីពាក់ព័ន្ធរួមគ្នាបង្កើនការយល់ដឹងពីការនេសាទដូចជាការនេសាទហួសកម្រិត និងការនេសាទសេរីគ្មានការគ្រប់គ្រងនិងត្រួតពិនិត្យ និងការទទួលយកនូវតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាក្នុងការសហការគ្នាដោះស្រាយបញ្ហាភាពប្រឈមទាំងនេះ។ ការធ្វើការរួមគ្នាដែលយើងមានគោលដៅរួម នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការអនុវត្ត និងសកម្មភាពដែលមានផលប៉ះពាល់អវិជ្ជមានលើធនធានជលផល ទីជម្រក និងផលប្រយោជន៍។”

រដ្ឋបាលជលផល បានរៀបចំផែនការគ្រប់គ្រងជលផលសមុទ្រដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការ FAO និងបានប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត រួមទាំងអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទហើយបច្ចុប្បន្ននេះកំពុងដំណើរការ សុំការអនុម័តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផែនការនេះនឹងជួយស្តារ និងការពារធនធានជលផល និងទីជម្រក សំខាន់ៗ ដែលអាចអនុញ្ញាតឱ្យទាញយកផលប្រយោជន៍ជាច្រើនពីការនេសាទប្រកបដោយនិរន្តរភាព។ លោកផែន ប៊ុនធឿន ទីប្រឹក្សាបច្ចេកទេសផ្នែកគ្រប់គ្រងជលផលសមុទ្រមកពីអង្គការ FAO នៅកម្ពុជាបានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីជួយដល់ថ្នាក់ដឹកនាំរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រសហគមន៍នេសាទ និងអ្នកនេសាទស្វែងយល់អំពីយន្តការដែលអាចប្រើប្រាស់ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព”។ គាត់បន្ថែមទៀតថា “វគ្គបណ្តុះបណ្តាលនេះមានការពិភាក្សាជាក្រុម និងលំហាត់ជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធ និងតួអង្គសំខាន់ៗអនុវត្តបច្ចេកទេស បង្កើតលក្ខខណ្ឌដែលមានស្ថិរភាព និងអាចព្យាករផលស្តុកត្រី”។ វគ្គបណ្តុះបណ្តាលកំពុងប្រព្រឹត្តឡើងនៅខេត្តកែបនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងសមត្ថភាព និងកម្លាំងនេសាទ (Management of Fishing Effort and Fishing Capacity) និងនៅខេត្តកំពត នៅថ្ងៃទី២១ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងការនេសាទតាមតំបន់និងពេលវេលា (Spatial Fisheries Management)និងមានអ្នកចូលរួមជាមួយតំណាងសរុប៦០នាក់អញ្ជើញមកពីរាជធានីភ្នំពេញ និងខេត្តជាប់មាត់សមុទ្រ។ ជាជំហានបន្ទាប់ ផែនការគ្រប់គ្រងជលផលសមុទ្រនឹងត្រូវបានអនុម័ត និងដាក់ឱ្យដំណើរការនៅដើមឆ្នាំក្រោយ។

ការរៀបចំបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២១ ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។ កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប ជាពិសេសពង្រឹងក្របខ័ណ្ឌគ្រប់គ្រងជលផល។ CAPFISH-Capture មានគោលបំណងជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍធនធានជលផលទឹកសាប និងសមុទ្រឱ្យមាននិរន្តរភាព រួមចំណែកដល់សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការកែលម្អការអភិរក្ស ការគ្រប់គ្រង និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជលផលក្នុងដែននេសាទសមុទ្រ និងទឹកសាប រួមចំណែកដល់ការអភិវឌ្ឍជលផលក្រោយការប្រមូលផល និងការកែលម្អភាពធន់របស់សហគមន៍នេសាទបឹងទន្លេសាប និងតំបន់ឆ្នេរ។