ព្រៃលិចទឹក និងព្រៃកោងកាង

រៃលិចទឹកនៅក្នុងតំបន់ទំនាបបឹងទន្លេសាបមានសារៈសំខាន់ចំពោះមច្ឆជាតិ និងសត្វស្លាប សម្រាប់ការបន្តពូជ ជម្រកសុវត្ថិភាព និងប្រភពអាហារ។ ព្រៃលិចទឹកបច្ចុប្បន្ន ព្រៃលិចទឹកត្រូវបានថយចុះយ៉ាងខ្លាំងដោយសារភ្លើងឆេះព្រៃ និងការកាប់ទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធិ។ 

ដើម្បីបង្កើនគម្របព្រៃលិចទឹកទ្បើងវិញ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ខណ្ឌរដ្ឋបាលជលផល និងអង្គការដៃគូនៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប បាននិងកំពុងប្រឹងប្រែងស្តារព្រៃលិចទឹកនៅក្នុងតំបន់ព្រៃលិចទឹកដែលបានរិចរឹលដោយសារភ្លើងឆេះ និងកាប់រានធ្វើកសិកម្មមួយចំនួន តាមរយៈការដាំស្តារ និងរក្សាដំណុះកូនរុក្ខជាតិ។

ទន្ទឹមនឹងនេះ វិធីសាស្រ្តទប់ស្កាត់ភ្លើងឆេះព្រៃតាមរយៈការផ្សព្វផ្សាយ និងការពន្លត់ភ្លើងឆេះព្រៃដោយមានកិច្ចសហការជិតស្និទ្ធជាមួយអង្គភាពជំនាញ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនៅថ្នាក់ក្រោមជាតិ ក៏ត្រូវបានពិភាក្សានិងដាក់បញ្ចូលទៅក្នុងផែនការគ្រប់គ្រងភ្លើងឆេះព្រៃលិចទឹកនៅក្នុងតំបន់បឹងទន្លេសាបដើម្បីអនុវត្ត។

ក្នុងរយៈពេល២ឆ្នាំដំបូងនៃការអនុវត្តផែនការនេះ ដោយមានការការគាំទ្រពីកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ព្រៃលិចទឹកដែលបានរិចរឹលដែលបានឆេះទាំងអស់ត្រូវបានស្តារ ថែទាំ និងការពារ ជាមួយនឹងអត្រារស់ និងលូតលាស់ល្អ។