អំពីនេសាទសមុទ្រ

ឆ្នេរ​សមុទ្រ​កម្ពុជា​មាន​ប្រវែង​ប្រមាណ ៤៣៥ គីឡូម៉ែត្រ ដែលឆ្លងកាត់​ខេត្ត​ចំនួន ៤ រួម​មាន ​ខេត្ត​កោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និង ខេត្ត​កែប។ ការនេសាទសមុទ្រត្រូវបានធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កម្ពុជា (EEZ) មានទីតាំងនៅត្រើយខាងកើតនៃឈូងសមុទ្រថៃ ដែលមានផ្ទៃដីប្រមាណ ៥៥.៦០០ គីឡូម៉ែត្រក្រឡា ដែលមានជម្រៅជាមធ្យមប្រហែល ៥០ ម៉ែត្រ។ ផលិតជលផលសមុទ្រចម្បងនៅកម្ពុជាគឺត្រី រួមទាំងត្រីជី (ត្រីចំណីសត្វ) មានប្រមាណ ៨០% នៃផលផលិតផលនេសាទសរុប ក្រៅពីនោះរួមមានផលផលិតផលនេសាទផ្សេងៗទៀតដូចជា បង្គា ក្តាម ខ្យង ។ល។ សមុទ្រកម្ពុជាមានត្រីសមុទ្រចំនួន ៥២៥ប្រភេទ ក្តាមសមុទ្រប្រមាណ ២០ប្រភេទ​ ​ សប្បីសត្វសមុទ្រពពួកខ្ចង(gastropods)៤២ប្រភេទ​ សប្បីសត្វសមុទ្រពពួកគ្រំ​​ ងាវ(bivalves) ២៤ប្រភេទ និងថនិកសត្វសមុទ្រ (marine mammals) មានចំនួន ១១ ប្រភេទ។

ជលផលសមុទ្រ ត្រូវបានរាប់បញ្ចូលទាំងការនេសាទលក្ខណៈគ្រួសារ(ខ្នាតតូច) និងលក្ខណៈមធ្យម ដែលមានការចូលរួម និងពាក់ព័ន្ធនឹងប្រជាពលរដ្ឋប្រមាណ ៩៥% នៅក្នុងតំបន់ឆ្នេរ។ ការនេសាទជាលក្ខណៈគ្រួសារ​ ខ្នាតតូច (SSF) មានសារៈសំខាន់សម្រាប់ ប្រជាជនក្នុងតំបន់ ជាមុខរបរចិញ្ចឹមជីវិត និងចូលរួមផ្គត់ផ្គង់ស្បៀងអាហារ ហើយវាជាផ្នែកដ៏សំខាន់នៃសន្តិសុខស្បៀង និងជាប្រភពសំខាន់នៃសារធាតុចិញ្ចឹម និងប្រាក់ចំណូល។ មានអ្នកនេសាទប្រមាណ ៧0 000 នាក់ និងទូកនេសាទជាង ៧៥៥0 ដែលកំពុងនេសាទនៅតំបន់ឆ្នេរ និងសមុទ្រក្រៅ។

ជលផលសមុទ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាព​​របស់ប្រជាពលរដ្ឋក្នុង​សហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ និងចូលរួមចំណែកដល់ GDP ជាតិ។ ដោយសារការកើនឡើងនៃចំនួនប្រជាជន និងតម្រូវការ​អាហារ​​សមុទ្រ បានធ្វើឲ្យកម្លាំងនេសាទ​ និងការប្រើឧបករណ៍នេសាទទំនើបៗ ក៍ដូចជាចំនួននាវានេសាទមានការកើនឡើងកាន់តែច្រើន ជាមួយការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ កំលាំងម៉ាស៊ីនកាន់​តែធំ និងការបង្កើនរយៈ​ពេលនៃការ​នេសាទកាន់តែយូរជាងមុន។ កក្ដាទាំងនេះជាការដាក់សម្ពាធបន្ថែមលើធនធានធម្មជាតិ ដែល​មានស្រាប់ និងបានគំរាមកំហែងដល់ការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព និងប្រាក់ចំណេញរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់នូវសារៈសំខាន់នៃជលផលសមុទ្រ និងភាពចាំបាច់ក្នុងការ​គ្រប់គ្រងធន ធានទាំងនេះ​ប្រកបដោយប្រសិទ្ធភាព តាមរយៈការដាក់ចេញគោលនយោបាយជាតិជាច្រើនដូចជា គោលនយោបាយ ជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ផែនការយុទ្ធសាស្រ្តជលផលឆ្នាំ២០១៩-២០២៤ និងសេចក្តីថ្លែង ការណ៍គោលការណ៍សំខាន់ៗសម្រាប់ការគ្រប់គ្រងជលផលសមុទ្ររបស់នាយករដ្ឋមន្ត្រី (គោលការណ៍សំខាន់ៗ) បានផ្តល់ទាំងទិសដៅនិងក្របខ័ណ្ឌ ច្បាស់លាស់សម្រាប់ធ្វើផែនការលម្អិតបន្ថែមទៀត។ គោលនយោបាយទាំងនេះ គឺជាផ្នែកមួយនៃកំណែទម្រង់​ជាបន្តបន្ទាប់ រួមទាំងការអនុម័តច្បាប់ជលផលថ្មី និងកិច្ចខិត​ខំប្រឹងប្រែងផ្តោតលើការគ្រប់ គ្រងការនេសាទខុសច្បាប់។ ថ្មីៗនេះ ផែនការគ្រប់គ្រងជលផលសមុទ្រ ត្រូវបានរៀបចំឡើង ដើម្បីជាចំណុចចាប់ផ្តើមនៃដំណើរការពង្រឹងការគ្រប់គ្រងជលផល ដោយបន្តផ្តោត​លើការគ្រប់គ្រងការនេសាទ IUU ការការពារ​​ជម្រកសំខាន់ៗ និង ការប្រមូលទិន្នន័យនិងព័ត៌មានកាន់តែប្រសើរអំពីស្ថាន​ភាព​​និងនិន្នា​ការ​នៃជលផល​សមុទ្រ ដើម្បីពង្រឹងសមត្ថភាព របស់ស្ថាប័នរដ្ឋាភិបាលក្នុងការគ្រប់គ្រងធនធានជលផលប្រកប​ដោយប្រសិទ្ធភាព និងផ្តល់ការណែនាំអំពីបច្ចេកទេសគ្រប់គ្រង និងប្រឹក្សាគោលនយោបាយ ដល់រាជរដ្ឋាភិបាលកម្ពុជា។