អំពីនេសាទទឹកសាប

ជលផលទឹកសាបក្នុងប្រទេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ដល់សេដ្ឋកិច្ច សន្តិសុខស្បៀង និងបេតិកភណ្ឌវប្បធម៌ជាតិ។ ទន្លេ ស្ទឹង ព្រែក បឹងបួរ និងតំបន់ដីសើមពាសពេញផ្ទៃប្រទេស គឺជាជម្រកវារិជាត មិនអាចខ្វះបាន ដែលបង្កើតអោយមានប្រភេទត្រីទឹកសាបដ៏សម្បូរបែប និងរួមចំណែកដល់ភាពរីកចម្រើននៃវិស័យជលផលផងដែរ។ ផលនេសាទទឹកសាបមានប្រភពចម្បងមកពីបឹងទន្លេសាប ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក៏ដូចជាអាងទឹកសាបពាក់ព័ន្ធ និងតំបន់ទំនាបលិចទឹក។ ប្រទេសកម្ពុជាមានប្រភេទត្រីទឹកសាបសម្បូរបែប ស្ថិតក្នុងចំណោម ប្រទេស ដែលមានប្រភេទត្រីទឹកសាបចម្រុះបំផុតក្នុងពិភពលោក។ តាម​ការ​ប៉ាន់​ស្មាន ប្រភេទ​ត្រី​ជាង ៦០០ ​ផ្សេង​គ្នា មាននៅក្នុង​ដែន​ទឹក​សាប​ប្រទេស​កម្ពុជា។ នេសាទទឹកសាបក្នុងប្រទេសកម្ពុជាជានេសាទខ្នាតតូច ក្នុងនោះភាគច្រើនជានេសាទលក្ខណៈគ្រួសារ។ សកម្មភាពនេសាទទឹកសាបលក្ខណៈគ្រួសារនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ការងារ និងជីវភាពរស់នៅដល់គ្រួសារមួយចំនួនធំផងដែរ។ នេសាទទឹកសាប រួមមានការលក់ដូរនិងការកែច្នៃផលនេសាទ ក្នុងនោះរួមទាំងការកែច្នៃផលវារិសត្វមិនមែនជាត្រី និងវារីរុក្ខជាតផ្សេងៗជាប្រភពការងារនិងការទ្រទ្រង់ដល់ជីវភាពរស់នៅដ៏សំខាន់ ជាពិសេសសម្រាប់សហគមន៍ ដែលពឹងផ្អែកលើនេសាទ។

ត្រីនិងវារិសត្វផ្សេងទៀត (OAAs) ដើរតួយ៉ាងសំខាន់ដល់សន្តិសុខស្បៀងក្នុងប្រទេសកម្ពុជា និងបានរួមចំណែក បំពេញ តម្រូវការអាហារូបត្ថម្ភដល់ប្រជាជន។ សហគមន៍ជាច្រើនពឹងផ្អែកលើត្រីជាប្រភពប្រូតេអ៊ីនចម្បងរបស់ ពួកគេ ជាពិសេសនៅកន្លែង ដែលមិនសូវមានជម្រើសប្រូតេអ៊ីន ឬប្រភពផ្ដល់ប្រូតេអ៊ីនផ្សេងទៀតមានតម្លៃថ្លៃ។ ត្រី និង OAAs ត្រូវបានគេប្រមាណថាមានប្រហែលជា ៨០% នៃប្រូតេអ៊ីនទទួលបានពីសាច់សត្វ ដែលជាប្រភពប្រូតេអ៊ីនដ៏សំខាន់ សម្រាប់គ្រួសារក្រីក្រ។ បើពិនិត្យលើផលិតផលនេសាទវិញ នៅឆ្នាំ២០២២ ជលផលនេសាទទឹកសាបមានប្រហែល ៤០៦.០០០ តោន ជាត្រី និង OAAs ដែលជាប្រភពធនធានចម្បងសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេស។ ក្នុងន័យនេះ ជលផលទឹកសាបបានដើរតួនាទីធំធេងក្រៃលែងក្នុងការរួមចំណែក កាត់បន្ថយកង្វះអាហារូបត្ថម្ភ និងធានាសន្តិសុខស្បៀង ជាពិសេសបណ្ដាក្រុម ដែលមានជីវភាពខ្សត់ខ្សោយ។

ការផ្លាស់ប្ដូរនានា ដែលជម្រុញដោយមនុស្សចំពោះបរិស្ថាន រួមទាំងការប្រែប្រួលអាកាសធាតុ បានបង្ហាញ ពីបញ្ហាប្រឈមថ្មីៗ សម្រាប់គោលនយោបាយនិងការគ្រប់គ្រងជលផល។ ជាក់ស្ដែង កំណើនតម្រូវការត្រី គួបផ្សំនឹងការអនុវត្តការនេសាទគ្មាននិរន្តរភាព បាននាំឱ្យមានការនេសាទលើសកម្រិត ដែលបង្កការគំរាមកំហែងនិងមានភាពងាយរងគ្រោះដល់ស្តុកត្រីនិងប្រព័ន្ធអេកូឡូស៊ីទឹកសាបទាំងមូល។ ការប្រើប្រាស់វិធីសាស្រ្តនេសាទ បែបបំផ្លិចបំផ្លាញ ដូចជាការប្រើប្រាស់មងក្រឡាល្អិតរួមទាំងស្បៃមុង ការនេសាទ ដោយប្រើចរន្ដអគ្គិសនី (ឧបករណ៍ឆក់) និងការប្រើប្រាស់សារធាតុបំពុល បានកំពុងធ្វើឱ្យបញ្ហាផ្នែកនេសាទកាន់តែធ្ងន់ធ្ងរឡើង។ ការដកហូតផលនេសាទគ្មាននិរន្តរភាពរៀបរាប់ខាងលើនេះ អាចបណ្តាលឱ្យបាត់បង់ ស្តុកត្រីនិងការបាត់បង់ជីវៈចម្រុះ។ ការរិចរិលនៃទីជម្រកក៏ជាបញ្ហាសំខាន់មួយទៀត ដែលប៉ះពាល់ដល់ជលផលទឹកសាប។ ការកាប់បំផ្លាញព្រៃលិចទឹក ការហូរច្រោះ ការបាក់ច្រាំងទន្លេ និងការបំប្លែងតំបន់ដីសើមជាដីសិកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានបណ្តាលឱ្យមានការថយចុះជម្រកជលផលសំខាន់ៗ។ ការបំផ្លិចបំផ្លាញ កន្លែងពងកូន និងកន្លែងចិញ្ចឹមកូន រួមទាំងព្រៃលិចទឹកនិងតំបន់ដីសើម បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំនួនត្រី រារាំងដល់សមត្ថភាពបន្តពូជ និងគំរាមកំហែងដល់និរន្តរភាពនៃស្តុកត្រីរយៈពេលវែងផងដែរ។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើរតួឈានមុខគេក្នុងការរៀបចំគោលនយោបាយនិងការអនុវត្តវិធានការគ្រប់គ្រងជលផល ដើម្បីពង្រឹងការងារគ្រប់គ្រង អភិរក្ស និងធានានូវនិរន្តរភាព ក៏ដូចជារក្សាអោយបាននូវតុល្យភាពនៃការធ្វើអាជីវកម្មធនធានជលផលទឹកសាប។ ជាក់ស្ដែង ក្នុងឆ្នាំ២០២២-២០២៣ រដ្ឋបាលជលផលបានខិតខំរៀបចំបង្កើតផែនការគ្រប់គ្រងជលផលទឹកសាប (បញ្ចប់សេចក្ដីព្រាងចុងក្រោយ) ដែលជាផែនការគ្រប់គ្រងជលផលថ្នាក់ជាតិដំបូងបង្អស់ ផ្ដោតលើការគ្រប់គ្រងជលផលទឹកសាបទាំងមូលក្នុងប្រទេសកម្ពុជា។

ផែនការគ្រប់គ្រងជលផលទឹកសាប ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងបន្ថែមលើភាពខ្លាំងនិងដំណើរការរបស់ ស្ថាប័ន ដែលមានស្រាប់ ដោយធ្វើការផ្តោតលើការអភិរក្សជម្រកជលផលសំខាន់ៗ ការអនុវត្តច្បាប់ និងការពង្រឹង សហគមន៍នេសាទ។ ផែនការគ្រប់គ្រងជលផលទឹកសាបប្រើផែនការគ្រប់គ្រងជលផលប្រតិបត្តិការជាក់លាក់ តាមផ្នែកៗ ដើម្បីអនុវត្តវិធានការគ្រប់គ្រងជលផល ដែលជាមធ្យោបាយដោះស្រាយបញ្ហាប្រឈម និងឱកាសសម្រាប់ជលផលទឹកសាប ដែលមានលក្ខណៈចម្រុះខ្លាំង។ ផែនការត្រួតពិនិត្យនិងអធិការកិច្ចជលផលទឹកសាប ត្រូវបានបង្កើតឡើង ដែលជាផែនការប្រតិបត្ដិការជាក់លាក់មួយក្នុងចំណោមផែនការប្រតិបត្តិការជាក់លាក់ផ្សេងទៀត នៅក្នុងផែនការគ្រប់គ្រងជលផលទឹកសាប។ សកម្មភាពសំខាន់ៗ ដែលរួមបញ្ចូលក្នុងផែនកាគ្រប់គ្រងជលផលទឹកសាប ររួមមាន ការកសាងសមត្ថភាព ដំណើរការផ្តល់អាទិភាព និងការអនុវត្តសកម្មភាពនានានៅផ្នែកនេសាទ វារីវប្បកម្ម និងកែច្នៃ និងការបន្ស៊ីផែនការយុទ្ធសាស្ត្រនៃនាយកដ្ឋាននិងវិទ្យាស្ថាននៃរដ្ឋបាលជលផល។

ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន រដ្ឋបាលជលផល បានសម្របសម្រួលការបង្កើត គ្រប់គ្រង និងការពារកន្លែងអភិរក្សជលផលនៅតាមតំបន់ជម្រកវារិជាតសំខាន់ៗ ទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ និងលើកកម្ពស់ការបង្កើតសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងលើកកម្ពស់ការការពារជម្រកវារិជាតិសំខាន់ៗ រក្សាជីវចម្រុះ និងពង្រឹងភាពធន់នៃជលផលទឹកសាបចំពោះការគំរាមកំហែងពីខាងក្រៅ និងរួមចំណែកដល់ការដកហូតផលនេសាទប្រកបដោយនិរន្តរភាព។

ទោះបីជាមានបញ្ហាប្រឈមផ្សេងៗក៏ដោយ ក៏ជលផលទឹកសាបក្នុងប្រទេសកម្ពុជានៅតែជាវិស័យដ៏សំខាន់ រួម ចំណែកដល់ការអភិវឌ្ឍជនបទប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀង និងការ អភិរក្សបរិស្ថាន។ តាមរយៈការសម្របតាមនិងការអនុវត្តការនេសាទប្រកបដោយនិរន្តរភាព ការការពារជម្រក ជលផលសំខាន់ៗ និងធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ជលផលទឹកសាបក្នុងប្រទេសកម្ពុជានឹងបន្តជាវិស័យដ៏សំខាន់ក្នុងការរួមចំណែកផ្តល់អត្ថប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។