ការផ្តល់ថវិកាជួយគាំទ្រដំណើរការប្រព្រឹត្តទៅរបស់សហគមន៍នេសាទ  និងសហគមន៍ស្រះជម្រកត្រី
2023-12-04 138

ការផ្តល់ថវិកាជួយគាំទ្រដំណើរការប្រព្រឹត្តទៅរបស់សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី

 រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២៣៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប អនុវត្តដោយរដ្ឋបាលជលផល បានសម្រេចផ្តល់ថវិកាជួយគាំទ្រដំណើរការប្រព្រឹត្តនិងអនុវត្តផែនការសកម្មភាពរបស់សហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រី នៅកម្ពុជាចាប់ពីឆ្នាំ២០២0​ មកដល់បច្ចុប្បន្ន ក្នុងគោលដៅពង្រឹងការអភិរក្សនិងគ្រប់គ្រងធនធានជលផលប្រកបដោយប្រសិទ្ឋភាពនិងនិរន្តរភាព តាមរយៈការចូលរួមដោយប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន។​  លោក EVERAERT Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “សហគមន៍នេសាទមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដោយសារប្រជាជនកម្ពុជាភាគច្រើនពឹងផ្អែកលើការនេសាទសម្រាប់ជីវភាពរស់នៅ និងសន្តិសុខស្បៀង។ សហគមន៍នេសាទផ្តល់អំណាចដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រង និងការពារធនធានជលផលប្រកបដោយនិរន្តរភាព។ 

ការចូលរួមរបស់សហគមន៍ជំរុញឱ្យមានភាពជាម្ចាស់ដើម្បីចូលរួមសកម្មក្នុងការងារអភិរក្ស។ លើលពីនេះទៀត ធនធានជលផលដែលគ្រប់គ្រងបានល្អ អាចទាក់ទងទេសចរណ៍ដើម្បីបង្កើតឳកាសសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន”។ ចាប់តាំងពីឆ្នាំ២០២០មក កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប បានផ្តល់ថវិកាចំនួន៤លានរៀល (ប្រមាណ ១០០០ ដុល្លារសហរដ្ឋអាមេរិក) ដល់សហគមន៍នីមួយៗ។ សហគមន៍ចំនួន១៥០ បានទទួលថវិកាក្នុងឆ្នាំ២០២០ និងបានបង្កើនចំនួនសហគមន៍ដល់២៥០ ក្នុងការទទួលបានថវិកា ដែលក្នុងនោះមាន១៥០សហគមន៍ នេសាទនៅ១៥ខេត្តគោលដៅដែលស្ថិតក្រោមការសម្របសម្រួលដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និង១០០សហគមន៍ស្រះជម្រកត្រី នៅ១១ខេត្តគោលដៅដែលស្ថិតក្រោមការសម្របសម្រួលដោយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម។ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ កម្មវិធីបានបន្តផ្តល់ថវិកាជូនសហគមន៍ចំនួន២៥០ដដែល"។  

ការផ្តល់ថវិកាជូនសហគមន៍នេសាទទាំងនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញការចូលរួម បង្កលទ្ធភាពការបំពេញ តួនាទីភារកិច្ចរបស់សហគមន៍ និងលើកទឹកចិត្តសហគមន៍ក្នុងការចូលរួមគ្រប់គ្រង និងអភិរក្សដោយសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី។ ការផ្តល់ថវិកានេះ មានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់ការការពារត្រីមេពូជ ការបង្កើត និងការការពារកន្លែងអភិរក្សជលផលក្នុងសហគមន៍នេសាទ (រួមទាំងការដាក់ស្លាកសញ្ញាកន្លែងអភិរក្សជលផល ការបោះបង្គោលកន្លែងសហគមន៍នេសាទ និងកន្លែងអភិរក្សជលផលជាដើម) ដែលថវិកាទាំងនេះជួយគណៈកម្មការសហគមន៍ឱ្យមានសម្ភារៈចាំបាច់សំខាន់ៗសម្រាប់បម្រើការងារល្បាតជលផល និងការស្តារជម្រកត្រីមេពូជ និងប្រភេទវារីវប្បកម្មផ្សេងៗទៀត។  

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍ថា “សហគមន៍នេសាទមានវិសាលភាពគ្របដណ្តប់លើភាគច្រើននៃតំបន់គ្រប់គ្រងជលផលទាំងនៅទឹកសាប និងតំបន់ឆ្នេរ ចំណែកសហគមន៍ស្រះជម្រកត្រីត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងស្រះរួមនៅតាមភូមិឃុំដើម្បីអភិរក្សត្រីមេពូជនៅរដូវប្រាំង ដែលត្រីមេពូជទាំងនេះពងកូន និងធំធាត់ដោយ តភ្ជាប់ទៅតំបន់វាលស្រែ និងវាលទំនាបនៅរដូវវស្សា។ សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីទាំងនោះ ដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការអភិរក្ស ការការពារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានជលផលនៅកម្ពុជាឱ្យមាននិរន្តរភាព ដែលទាមទារឱ្យ សហគមន៍មានសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ 

ការងារនេះទាមទារឱ្យមានកិច្ចសហការ រវាងស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍជលផល និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាល ការគាំទ្រផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុដល់សហគមន៍។ ទន្ទឹមនេះ សហគមន៍ក៏ត្រូវមានស្វ័យភាពពង្រឹងសមត្ថភាពរបស់ខ្លួន ធ្វើការវាយតម្លៃនូវស្ថានភាពធនធាន និងវឌ្ឍនភាពក្នុងសហគមន៍របស់ខ្លួន លើកកម្ពស់ការចូលរួមរបស់សមាជិកក្នុងការការពារធនធានជលផល ការអភិវឌ្ឍនសហគមន៍ និងចូលរួមលុបបំបាត់បទល្មើសនេសាទនៅក្នុងតំបន់គ្រប់គ្រងរបស់សហគមន៍ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា “បើគ្មានការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈសហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រីនោះទេ ការអភិរក្ស ការការពារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានជលផលនៅកម្ពុជាមិនអាចសម្រេចបានដោយជោគជ័យដោយរលូន និងមាននិរន្តរភាពបានឡើយ។ បណ្តាដៃគូអភិវឌ្ឍជលផល និងអង្គការមិនមែនរដ្ឋាភិបាល គួរបន្តពង្រឹងការគាំទ្រសកម្មភាពអនុវត្តរក្សានិរន្តរភាពដំណើរការរបស់សហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការគាំទ្របច្ចេកទេស ការបណ្តុះបណ្តាលសមត្ថភាព និងថវិកាជួយជំរុញសហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រី ឱ្យសម្រេចបានគោលដៅក្នុងការចូលរួមចំណែកក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលប្រកប ដោយប្រសិទ្ឋភាពនិងនិរន្តរភាព ដើម្បីជួយដល់ការផ្គត់ផ្គង់តម្រូវការត្រីសាច់ជាអាហារដ៏សំខាន់ សុខមាលភាព និងជីវភាពរស់នៅល្អប្រសើរ ចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា”។ ទន្ទឹមនឹងនេះ សហគមន៍ក៏ត្រូវមានស្វ័យភាពពង្រឹងសមត្ថភាពរបស់ខ្លួន ស្វែងរកថវិកាអនុវត្តផែនការសកម្មភាព បំពេញ តួនាទីភារកិច្ចទទួលខុសត្រូវរបស់បីោយនិរន្តររគ្រប់គ្រងសហគលផល ថសហគមន៍ ស្របតាមក្របខណ្ឌច្បាប់និងបទដ្ឋានគតិយុត្តិដែលមានចែងពាក់ព័ន្ធនឹងសហគមន៍នេសាទ ឆ្ពោះទៅសហគមន៍នេសាទមានដំណើរការប្រព្រឹត្តទៅប្រកបដោយនិរន្តរភាព។ សហគមន៍ត្រូវពង្រឹងភាពជាម្ចាស់ ចូលរួមគ្រប់គ្រងធនធាន ជលផល និងលុបបំបាត់បទល្មើសនេសាទនៅតាមសហគមន៍នេសាទ។” ដើម្បីភាពជាម្ចាស់និងគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាពដោយសហគមន៍  រដ្ឋបាលជលផលដែលទទួលបានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិបានរៀបចំ "គោលការណ៍ណែនាំស្តីពីការផ្តល់និងការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រី " និងបានផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលដល់មន្ត្រីខណ្ឌរដ្ឋបាលជលផល សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ។ 

លោក David Brown ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានមានប្រសាសន៍ថា “គោលការណ៍ណែនាំនេះ បានអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនាថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២១ បានអនុញ្ញាតឱ្យរដ្ឋបាលជលផលអនុវត្តការផ្តល់ថវិកាជូនសហគមន៍នេសាទ និង សហគមន៍ស្រះជម្រកត្រី”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “វគ្គបណ្តុះបណ្តាលបានផ្តល់ការណែនាំក្នុងការស្វែងរកថវិកា នីតិវិធីប្រើប្រាស់ថវិកា និងការរៀបចំរបាយការណ៍អំពីលទ្ធផលសកម្មភាពការងារ និងការចំណាយថវិកាជាដើម”។  

កញ្ញា Rebekah Bell នាយិកាប្រចាំប្រទេសនៃអង្គការFAO បានមានប្រសាសន៍ក្នុងសន្ទរកថាស្វាគមន៍ថា “ថ្ងៃនេះ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ក្នុងកិច្ចសហការជាមួយរដ្ឋបាលជលផល នឹងផ្តល់វិញ្ញាបនបត្រជូនគ្រូបង្គោលចំនួន៥៦៨នាក់ (ស្រ្តី៩២នាក់) ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដល់មន្រ្តីខណ្ឌរដ្ឋបាលជលផល សមាជិកគណៈកម្មការសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ដែលជួយជំរុញដំណើរការប្រព្រឹត្តទៅរបស់សហគមន៍”។  ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលដែលរៀបចំនៅសណ្ឋាគារភ្នំពេញនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះមានអ្នកអញ្ជើញចូលរួមចំនួន១៥០នាក់ រួមមានមន្ត្រីមកពីរដ្ឋបាលជលផល  ខណ្ឌ រដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផល សហគមន៍នេសាទ សហគមន៍ស្រះជម្រកត្រី សហភាពអឺរ៉ុប និងអង្គការមិនមែនរដ្ឋាភិបាល ដូចជា សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) អង្គការរីខូហ្វ (RECOFTC) សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) អង្គការ Wild Earth Allies (WEA) និងអង្គការភូមិខ្ញុំ (My Village)។ សិក្ខាសាលានេះ បានផ្តល់ជាវេទិកាសដល់គ្រូបង្គោលដើម្បីចែករំលែកមេរៀនបទពិសោធន៍ក្នុងការអនុវត្តការរៀបចំផែនការសកម្មភាព ផែនការថវិកា និងការចំណាយឱ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។  

ការគាំទ្រដល់ការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព គោលការណ៍ណែនាំខាងលើជួយគាំទ្រដំណើរការឱ្យបានច្បាស់លាស់អំពីការផ្តល់ជូន និងការគ្រប់គ្រងថវិកាពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាក្នុងការផ្តល់និងគ្រប់គ្រងថវិកាជូនសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី។ គោលការណ៍ណែនាំក៏ផ្តោតលើនីតិវិធីថវិកា និងរដ្ឋបាល និងការលើកកម្ពស់លទ្ធភាពទទួលបានថវិកាដោយសមធម៌ក្នុងចំណោមសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ជាពិសេសសម្រាប់សហគមន៍ដែលមិនទាន់មានការគាំទ្រច្រើន និងសមត្ថភាពនៅមានកម្រិត។  

វគ្គបណ្ដុះបណ្ដាលទាំងនេះ ត្រូវបានផ្តួចផ្តើមគាំទ្រថវិកាដោយរដ្ឋបាលជលផល និងសហភាពអឺរ៉ុប ដែលមានរួមការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំមួយរបស់សហភាពអឺរ៉ុប។ CAPFISH-Capture មានគោលបំណង ជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាពដែលចូលរួមចំណែកដល់សន្តិសុខស្បៀងនិងការកាត់បន្ថយ ភាពក្រីក្រ តាមរយៈការកែលម្អការអភិរក្សនិងការគ្រប់គ្រងធនធានជលផល ព្រមទាំងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជលផលក្នុងតំបន់គ្រប់គ្រងសមុទ្រនិងទឹកសាប រួមទាំងរួមចំណែកដល់ការអភិវឌ្ឍជលផលក្រោយការប្រមូលផល និងការកែលម្អភាពធន់នឹង ​របស់សហគមន៍នេសាទនៅតំបន់ទឹកសាបនិងតំបន់ឆ្នេរ។