EU និង FAO សហការជាមួយរដ្ឋបាលជលផលកម្ពុជា លើការប្តេជ្ញាចិត្តអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត
2023-11-21 211

EU និង FAO សហការជាមួយរដ្ឋបាលជលផលកម្ពុជា លើការប្តេជ្ញាចិត្តអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកោះកុង - អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផលបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលអំពីគោលការណ៍សំខាន់ៗនៃកិច្ចព្រមព្រៀងវិធានការរដ្ឋម្ចាស់កំពង់ផែ(PSMA) ដែលជួយពង្រឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU ) ក្នុងប្រទេសកម្ពុជា។  

វគ្គបណ្តុះបណ្តាលនេះ ជួយពង្រឹងសមត្ថភាពដល់មន្ត្រីជលផលលើផ្នែកអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ ការរាយការណ៍ និងការធ្វើអធិការកិច្ច (SOP for PSM)សម្រាប់នាវានេសាទបរទេសដែលមានបំណងសុំចូលចត និងឡើងផលនេសាទនៅកំពង់ផែកម្ពុជា។ ការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់នេះ នឹងគាំទ្រដល់មន្ត្រីរដ្ឋបាលជលផល (FiA) រួមទាំងខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (PDAFF) ក្នុងការទប់ស្កាត់ និងលុបបំបាត់ការនេសាទ IUU នៅទូទាំងខេត្តតំបន់ឆ្នេរ។  

អ្នកស្រីបណ្ឌិត ជិន លក្ខណា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម បានមានប្រសាសន៍ថា “PSMA គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលចងភ្ជាប់ជាលើកដំបូងដើម្បីកំណត់គោលដៅជាពិសេសទៅលើការនេសាទ IUU ដោយរារាំងនាវានេសាទដែលចូលរួមក្នុងការនេសាទ IUU ពីការប្រើប្រាស់កំពង់ផែ PSMA  និងការឡើងផលនេសាទរបស់ពួកគេ។ យើងកាត់បន្ថយការលើកទឹកចិត្តដល់នាវានេសាទខុសច្បាប់ទាំងនោះពីការចូលរួមក្នុងសកម្មភាពល្មើសនេសាទនានា ខណៈដែលកិច្ចព្រមព្រៀងនេះក៏រារាំងពីការឡើងផលនេសាទដែលបានមកពីការនេសាទIUU មិនឱ្យចូលមកកាន់ទីផ្សារជាតិ និងទៅទីផ្សារអន្តរជាតិ»។  លោកស្រីបណ្ឌិតបានបន្ថែមថា “កម្ពុជាត្រូវបានវាយតម្លៃថាមិនទាន់អនុលោមតាមច្បាប់ជលផលអន្តរជាតិ និងបទប្បញ្ញត្តិ IUU របស់សហភាពអឺរ៉ុប ដោយសំដៅទៅលើប្រព័ន្ធផ្តល់កាតរបស់សហភាពអឺរ៉ុប ដល់ប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប។ 

ប្រទេសដែលទទួលបានកាតក្រហម គឺមិនអាចនាំផលនេសាទសមុទ្រចូលសហភាពអឺរ៉ុបបានឡើយ ដោយ​សារមិនទាន់មាន​វិធានការ​​គ្រប់​គ្រាន់​ដើម្បី​រារាំងការនេសាទIUU។” អ្នកស្រីបណ្ឌិតក៏បានរម្លឹកផងដែរថា “ការអនុវត្ត PSMA ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការគ្រប់គ្រង អភិរក្ស និងការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រទៀតផង។ កម្ពុជាបានក្លាយជាភាគីនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទ IUU នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។” 

លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា “រដ្ឋបាលជលផលដែលជាសេនាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជ្រើសរើសកំពង់ផែនេសាទអ្នកឧកញ៉ា លី យ៉ុងផាត់ក្នុងខេត្តកោះកុង ជាកំពង់ផែទីមួយអនុវត្តវិធានការណ៍រដ្ឋម្ចាស់កំពង់ផែសម្រាប់នាវានេសាទបរទេស ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO ក៏ដូចជាការណែនាំជាសកល និងក្នុងតំបន់ស្តីពីការប្រយុទ្ធប្រឆាំងការនេសាទ IUU ។ យើងកំពុងដំណើរការធ្វើឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យកម្ពុជាត្រូវបានដកកាតក្រហម IUU ចេញដោយតម្រូវឱ្យយើងអនុវត្តតាមបទដ្ឋាននេសាទអន្តរជាតិ ដើម្បីឱ្យប្រទេសកម្ពុជាយើងអាចនាំផលនេសាទចូលទីផ្សារអន្តរជាតិ” ។  

អ្នកជំនាញជលផលមកពីអង្គការ FAO លោក Marcel Kroese បានមានប្រសាសន៍ថា “បទប្បញ្ញត្តិរបស់ PSMA អនុវត្តចំពោះនាវានេសាទមិនមែនរបស់កម្ពុជា ដែលចង់ចូលចតនៅកំពង់ផែកម្ពុជា ដើម្បីដឹកជញ្ជូន ឬផ្ទេរផលនេសាទពីនាវានេសាទមួយទៅនាវានេសាទមួយទៀត។ ដើម្បីអនុវត្ត PSMA វាមានសារៈសំខាន់ណាស់ក្នុងការកសាងសមត្ថភាពមន្ត្រីរដ្ឋាភិបាលក្នុងការពង្រឹងការត្រួតពិនិត្យ និង
តាមដាន ដូច្នេះកម្ពុជាអាចអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដារ PSMA អន្តរជាតិ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីកាត់បន្ថយការនេសាទ IUU។” 

លោក ឡេង សំអាត ទីប្រឹក្សាបច្ចេកទេសផ្នែកជលផលសមុទ្រ និងអភិរក្សនៃអង្គការ FAO បានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ដឹងបន្ថែមអំពីនីតិវិធីប្រតិបត្តិស្តង់ដារ និងអធិការកិច្ចនាវានេសាទ សម្រាប់ការអនុវត្ត PSMA ដើម្បីកម្ពុជាអាចដកកាតក្រហមពីការនេសាទ IUU។”  

វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីប្រតិបត្តិស្តង់ដារអនុវត្ត PSMA  កំពុងប្រព្រឹត្តទៅនៅខេត្តកោះកុង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានតំណាងអញ្ជើញចូលរួមសរុបចំនួនប្រមាន២០នាក់។ 

កិច្ចខំប្រឹងប្រែងគាំទ្រប្រទេសកម្ពុជាក្នុងការដកកាតក្រហមពីការនេសាទIUU មានសកម្មភាពអនុវត្តសំខាន់ៗចំនួនពីរ ដែលរារដ្ឋាភិបាលកម្ពុជាបានអនុម័ត៖ (១) ផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI-MF) និង (២) ផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា (NPOA-IUU)។ លើសពីនេះ រដ្ឋបាលជលផលកំពុងរៀចចំ ផែនការគ្រប់គ្រងជលផលសមុទ្រ (២០២៤ - ២០២៨) ដែលត្រូវអនុម័តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅដើមឆ្នាំក្រោយ។ 

ការអនុវត្តសកម្មភាពពង្រឹងសមត្ថភាព PSMA ត្រូវបានផ្តួចផ្តើមដោយការផ្តល់មូលនិធិពីសហភាពអឺរ៉ុប ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)(CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។ CAPFISH-Capture មានគោលបំណងជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍជលផលសមុទ្រប្រកបដោយនិរន្តរភាពដែលចូលរួមចំណែកដល់សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ។