សហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិគាំទ្រការកែលម្អកម្មវិធីសិក្សាផ្នែកជលផលរបស់សាកលវិទ្យាល័យ
ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងរដ្ឋបាលជលផល (FiA) ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) កំពុងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាប័ត្រវិទ្យាសាស្ត្រជលផលជាបន្តបន្ទាប់ជាមួយសាកលវិទ្យាល័យចំនួន៤ ដើម្បីកែលម្អការអប់រំផ្នែកជលផលនៅកម្ពុជា។ សាកលវិទ្យាល័យទាំង៤រួមមាន៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ។
ក្រៅពីការពង្រឹងសមត្ថភាពស្ថាប័នលើការអប់រំផ្នែកជលផល កម្មវិធីនេះក៏នឹងធានាបានថានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យត្រូវទទួលបានចំណេះដឹង ជំនាញ ក៏ដូចជាសមត្ថភាពដែលសមស្របបំផុតទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងជលផលក្នុងប្រទេស ដោយបង្កើតឱ្យមានជំនាញវិជ្ជាជីវៈសម្រាប់យុវវ័យដែលអាចដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យជលផល។
សិក្ខាសាលាទាំងនេះ កំពុងតែប្រព្រឹត្តទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ “យើងកំពុងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់មហាវិទ្យាល័យដែលបង្រៀនផ្នែកវិទ្យាសាស្ត្រជលផល ដើម្បីជួយ ពិនិត្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាផ្នែកជលផល ដោយដាក់បញ្ចូលចំណេះដឹង និងបច្ចេកវិទ្យាបច្ចុប្បន្ន ព្រមទាំងសម្របខ្លួនទៅនឹងទីផ្សារការងារក្នុងស្រុក តំបន់ និងអន្តរជាតិដែលកំពុងរីកចម្រើនក្នុងវិស័យជលផល” លោក Eric Baran អ្នកជំនាញស្រាវជ្រាវជលផលអន្តរជាតិនៃអង្គការ FAO កម្ពុជា។ ឯកឧត្តម ហែម វីរៈ នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានស្វាគមន៍ចំពោះការគាំទ្រដ៏ពិសេសនេះ លើការកែលម្អ និងអភិវឌ្ឍន៍កម្មវិធីសិក្សា តាមរយៈការសម្របសម្រួលពិគ្រោះយោបល់ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យផ្សេងៗ។ ដូចគ្នានេះដែរ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យ វិទ្យាសាស្រ្តព្រៃឈើ ជលផល និងបរិស្ថាននៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏បានស្វាគមន៍ចំពោះការគាំទ្រផងដែរ។ អ្នកស្រី ផេន សុវត្ថិឌី មានប្រសាសន៍ថា “វាជាលើកទីមួយហើយដែលកម្មវិធីសិក្សាផ្នែកជលផលត្រូវបានរៀបចំដោយមានការសម្របសម្រួលរវាងសាកលវិទ្យាល័យទាំងបួន”។ ក្នុងអំឡុងពេលសិក្ខាសាលា ព្រឹទ្ធបុរស សាស្ត្រាចារ្យ អ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ៗបានធ្វើការវាយតម្លៃលម្អិតអំពីលទ្ធផលរំពឹងទុកនៃមេរៀនសិក្សាសម្រាប់មុខវិជ្ជាជលផល ដើម្បីធ្វើឱ្យកាន់តែពាក់ព័ន្ធទៅនឹងតម្រូវការនៃវិស័យនេះ និងតម្រូវការរបស់ឧស្សាហកម្ម។ សាស្ត្រាចារ្យ និងបុគ្គលិកគ្រប់គ្រងសាកលវិទ្យាល័យក៏មានឱកាសផ្តល់មតិកែលម្អ និងចែករំលែកបទពិសោធជាក់ស្តែងលើកម្មវិធីសិក្សា និងមេរៀនដែលមានស្រាប់។ សិក្ខាសាលាផ្តួចផ្តើមដំបូងនេះរៀបចំឡើងនៅខេត្តសៀមរាបដែលមានការចូលរួមពីតំណាង មកពីស្ថាប័នរាជរដ្ឋាភិបាលនិងសាកលវិទ្យាល័យចំនួនបួនចំនួន៣០នាក់។ សរុបមក សិក្ខាសាលានេះមានគោលដៅចូលរួមពីភាគីពាក់ព័ន្ធចំនួន៦០នាក់ ។ បន្ទាប់ពីការពិគ្រោះយោបល់ទាំងនេះ កម្មវិធីសិក្សា និងមេរៀនសិក្សាពាក់ព័ន្ធនឹងត្រូវបានកែសម្រួល និងបញ្ចប់ មុនពេលដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុម័ត និងក្លាយជាបទដ្ឋានសម្រាប់ឆ្នាំខាងមុខ។
ព័ត៌មានបន្ថែមអំពីការគាំទ្រដល់សាកលវិទ្យាល័យ អង្គការ FAO ក៏កំពុងគាំទ្រកម្មវិធីការផ្លាស់ប្តូរបទពិសោធរវាងរដ្ឋបាលជលផល និងសាកលវិទ្យាល័យទាំងបួនផងដែរ ដោយបញ្ជូននិស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រឆ្នាំទី៤ ទៅហាត់ការនៅខណ្ឌរដ្ឋបាលជលផលចំនួន២០ខេត្តក្រុងទូទាំងប្រទេស។ ខណ្ឌរដ្ឋបាលជលផលទទួលនិស្សិតចុះសិក្សាស្រាវជ្រាវសម្រាប់រយៈពេល៦ខែ ដោយធ្វើនិក្ខេបបទស្រាវជ្រាវលើប្រធានបទដែលពាក់ព័ន្ធទៅនឹងការងាររបស់ខណ្ឌរដ្ឋបាលជលផល។ បន្ទាប់មក និស្សិតចំណាយពេល៦ខែទៀតចុះហាត់ការដើម្បីជួយការងារនៅខណ្ឌរដ្ឋបាលជលផលពាក់ព័ន្ធការគ្រប់គ្រង ដោយទទួលបានបទពិសោធការងារវិជ្ជាជីវៈបន្ថែមទៀត។ សហភាពអឺរ៉ុប (EU) ផ្តល់មូលនិធិ ជួយកែលម្អកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ដែលកំពុងអនុវត្តចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងសម្រាប់ការគ្រប់គ្រងជលផល ដែលរួមបញ្ចូលទាំងការគាំទ្រដល់សកម្មភាពសិក្សាស្រាវជ្រាវដែលជាអាទិភាពផងដែរ។
ទំនាក់ទំនង៖ អ្នកស្រី យូ ប៉ោនី តួនាទី៖ ទីប្រឹក្សាបច្ចេកទេស (ផ្នែកទំនាក់ទំនង) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ អ៊ីម៉ែល៖ Porny.You@fao.org ទូរស័ព្ទ៖ 855 12 617 092 Facebook & Twitter: @FAOCambodia