CAPFish Project Sign Partnership Agreement with IPC for Laboratory Support
កាលពី ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish) ដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប ដើម្បីជួយលើកកម្ពស់និងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ចំណីអាហាររបស់ IPC ដើម្បីទទួលបានការវាយតម្លៃទទួលស្គាល់គុណភាពពីស្តង់ដារ ISO 17025។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងផ្តល់លទ្ធភាពឱ្យមន្ទីរពិសោធន៍របស់ IPC ក្នុងការធ្វើតេស្តវិភាគរកមើលអតិសុខុមប្រាណនៅក្នុងផលិតផលចំណីអាហារកាន់តែច្បាស់លាស់ ដែល វាក៏នឹងផ្តល់នូវសារ:ប្រយោជន៍ដល់ធុរកិច្ចចំណីអាហារ ការនាំចេញផលិតផលចំណីអាហារទូទៅ រាប់បញ្ចូលទាំងឧស្សាហកម្មផ្នែកជលផលផងដែរ ។ ការទទួលស្គាល់នេះមានន័យថា លទ្ធផលដែលធ្វើតេស្តដោយមន្ទីរពិសោធន៍របស់ IPC នឹងត្រូវបានទទួលស្គាល់ជាសកល។
កិច្ចព្រមព្រៀងនេះគឺជាសកម្មភាពសំខាន់មួយរបស់គម្រោង CAPFish ដែលកំពុងអនុវត្តដោយ UNIDO និងរដ្ឋបាលជលផល ដើម្បីជួយពង្រឹងសមត្ថភាពស្ថាប័ន និង សេវាគាំទ្រប្រកបដោយគុណភាព ដែលមន្ទីរពិសោធន៍ក៏ត្រូវបានរាប់បញ្ចូលផងដែរ។ តាមរយៈសកម្មភាពនេះ វានឹងជួយគាំទ្រដល់អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលជលផលក្នុងការអនុវត្តប្រព័ន្ធ ត្រួតពិនិត្យផ្លូវការ និង ប្រព័ន្ធវិញ្ញាបនបត្រកាន់តែមានប្រសិទ្ធភាព ស្របតាមតម្រូវការថ្នាក់តំបន់ និង អន្តរជាតិ រួមទាំង
សហភាពអឺរ៉ុប។ ជាលទ្ធផល កិច្ចសហការនេះ នឹងជួយដល់ធុរកិច្ចចំណីអាហារ រួមទាំងផលិតផលជលផល ឱ្យអនុលោមតាមតម្រូវការស្តង់ដារ និង ទីផ្សារផងដែរ ។



