អំពីយើង
FiA និង DFPTQ

រដ្ឋបាលជលផល (FiA) គឺជាអង្គភាពរដ្ឋចំណុះឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានភារកិច្ចគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ ធនធានជលផលប្រកបដោយនិរន្តរភាព។ បេសកកម្មចម្បងៗរបស់រដ្ឋបាលជលផល រួមមាន៖ (i) ការគ្រប់គ្រង គ្របដណ្តប់លើកិច្ចការ រដ្ឋបាល គ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានជលផល និងសហគមន៍នេសាទ, (ii) ការតាក់តែងច្បាប់ស្តីពីជលផល គោលនយោបាយពាក់ព័ន្ធ រៀបចំផែនការ និងអនុវត្តច្បាប់ប្រកបដោយប្រសិទិ្ធភាព និង (iii) ការផ្តល់បច្ចេកទេស ផ្តោតលើការស្រាវជ្រាវវិទ្យាសាស្ត្រ អភិរក្ស និង អភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកនេសាទ និងវារីវប្បកម្ម តាមដាននិងត្រួតពិនិត្យវិស័យជលផលជារួម។ នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព (DFPTQ) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ FiA ទទួលបន្ទុកត្រួតពិនិត្យនិងអធិការកិច្ចទីតាំងបែងចែកផលនេសាទ និង សហគ្រាសកែច្នៃផល ផលិតផលជលផលទាំងអស់ និងចេញវិញ្ញាបនប័ត្រសម្រាប់នាំចេញផលិតផល។
នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) គឺជាអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា មានភារៈនិងការប្តេជ្ញាចិត្តខ្ពស់ធានានូវ ចរាចរណ៍ទីផ្សារផល ផលិតផលជលផលដែលមានគុណភាពនិងសុវត្ថិភាព តាមរយៈការអនុវត្តប្រព័ន្ធត្រួតពិនិត្យនិងអធិការកិច្ចដែល មានប្រសិទិ្ធភាពខ្ពស់នៅតាមទីតាំងបែងចែងផលនេសាទនិងសហគ្រាសកែច្នៃនៅទូទាំងប្រទេស។ ការអនុវត្តបច្ចេកវិទ្យាកែច្នៃក្រោយ ប្រមូលផលទំនើប និងគ្រប់គ្រងគុណភាពដែលឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិក្នុងការលើកកម្ពស់ផល ផលិតផលជលផលដែល មានសុវត្ថិភាព គឺជាចក្ខុវិស័យវែងឆ្ងាយរបស់នាយកដ្ឋាន។ យើងបន្តគាំទ្រដល់សហគ្រាសក្នុងស្រុកកែច្នៃផលិតផលទទួលស្គាល់ គុណភាព ដែលមិនត្រឹមតែបម្រើដល់អតិថិជនក្នុងស្រុក តែទទួលបានជំនឿទុកចិត្តពីអតិថិជននៅក្នុងពិភពលោក តាមរយៈការផលិតផលិតផលជលផលដែលមានសុវត្ថិភាព និងគុណភាព រួមទាំងការផ្តល់ជូនវិញ្ញាបនបត្រសុខភាពសម្រាប់នាំចេញ។ យើងមានគោលដៅអភិវឌ្ឍន៍វិស័យជលផលរបស់កម្ពុជា រួមចំណែកដល់កំណើនសេដ្ឋកិច្ច ការពារសុខភាពនិងសុខុមាលភាពរបស់អ្នកប្រើប្រាស់ក្នុងស្រុកនិងក្រៅប្រទេស។
Highlights
-
សិក្ខាសាលាផ្សព្វផ្សាយស្តីពី លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល
រួមសហការបោះជំហានចូលទៅកាន់ទីផ្សារនាំចេញផលិតផលជលផលបានកាន់តែប្រសើរ! ថ្មីៗនេះដែរ យើងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល» ជូនដល់ម្ចាស់សហគ្រាសកែច្នៃផលជលផល និងតួអង្គក្នុងខ្សែច្រវ៉ាក់តម្លៃ ដែលមានសក្តានុពល និងគោលបំណងនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារក្រៅស្រុកផ្សេងទៀតលើទិដ្ឋភាពបច្ចេកទេស និងការត្រៀមលក្ខណៈចាំបាច់មួយចំនួនស្របតាមលក្ខខណ្ឌតម្រូវរបស់បណ្តាប្រទេសឬទីផ្សារទាំងនោះ។ តើលោកអ្នកមានជ្រាបទេថា ដើម្បីឱ្យសហគ្រាសជលផលនៅកម្ពុជាអាចនាំចេញផលិតផលជលផលរបស់ខ្លួនទៅលក់នៅអឺរ៉ុបបាន ជាដំបូង និងសំខាន់បំផុតនោះគឺ កម្ពុជាត្រូវតែត្រូវបានទទួលស្គាល់ និងចុះឈ្មោះជាប្រទេសដែលអាចនាំចេញបាន។ ការណ៍នេះតម្រូវឱ្យមានការពិនិត្យ និងវាយតម្លៃដោយជោគជ័យពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) ដើម្បីធានាពីអនុលោមភាពទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់សហភាពអឺរ៉ុបស្តីពីសុវត្ថិភាពម្ហូបអាហារ សុខភាពសត្វ និងលក្ខខណ្ឌតម្រូវមួយចំនួនទៀតរបស់ទីផ្សារជាក់ស្តែង។ សិក្ខាសាលាប្រកបដោយអត្ថន័យខាងលើ ត្រូវបានរៀបចំឡើងដោយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ( CAPFISH-Capture) ក្រោមការគាំទ្រវិការពី សហភាពអឺរ៉ុប និងអនុវត្តរួមគ្នាដោយ ររដ្ឋបាលជលផល Fisheries Administration( FiA) និងអង្គការ UNIDO ។
-
ការផ្តល់វិញ្ញាបនបត្រ CQS សម្រាប់សហគ្រាសជោគជ័យជុំទី 2
អបអរសាទរឧត្តមភាពនៃវិស័យជលផលកម្ពុជា! ជាជោគជ័យមួយថ្មីទៀត ដែលសហគ្រាសជលផលចំនួន ០៩ ទើបបានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ដែលមានតម្លៃដ៏វិសេសវិសាល! វិញ្ញាបនបត្រនេះ សបញ្ជាក់អំពីការទទួលស្គាល់លើការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសលើការសម្រេចបានផ្នែកគុណភាព និងសុវត្ថិភាព ទំនួលខុសត្រូវផ្នែកសង្គម សមភាពយេនឌ័រ និងទំនុកចិត្តពីអតិថិជនលើផលិតផល។ សហគ្រាស ទឹកត្រី ង៉ូវហេងកំពត Ngovheng Fishsauce សហគ្រាស Unica សហគ្រាស ឌីស៊ីអេហ្វ ដេនីស ឃែរ ហ៊្វូដសិប្បកម្មកែច្នៃត្រីសោភ័ណសុម៉េង សិប្បកម្មកែច្នៃផលសមុទ្រ សុគា ក្រុងព្រះសីហនុ ក្រុមហ៊ុន Heng Channy Angkor Measសិប្បកម្មផលទឹកត្រី គីមហុី ខេត្តកែប សញ្ញាទន្សាយមួយ សហគ្រាស Aliments/អាលីម៉ង់ សហគ្រាស Cambodia Fresh Farm មកទល់ពេលបច្ចុប្បន្ន សហគ្រាសដែលទទួលបាន CQS សរុបមាន ១៧ សហគ្រាស។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលជលផល Fisheries Administration ជាអ្នកគ្រប់គ្រងលើការវាយតម្លៃ និងផ្តល់និមិត្តសញ្ញា CQS ក្រោមកិច្ចគាំទ្រពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) អនុវត្តដោយអង្គការ UNIDO ក្រោមការគាំទ្រថវិការពី សហភាពអឺរ៉ុប (EU)។
-
សិក្ខាសាលាបណ្តុះបណ្តាលស្តីពីបទដ្ឋានបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផលកម្ពុជា
លើកស្ទួយ និងផ្តល់អំណាចសេដ្ឋកិច្ចដល់វិស័យជលផល! គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល ០៣ ថ្ងៃ ស្តីពីបទដ្ឋានបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផលកម្ពុជា។ សិក្ខាកាមដែលជាមន្រ្តីអាជ្ញាធរមានសមត្ថកិច្ច (FCA) និងពីខណ្ឌរដ្ឋបាលជលផលពី ១៧ ខេត្តផ្សេងគ្នា (មានស្ត្រីចំនួន ១៧ នាក់) ទទួលបានចំណេះដឹង និងជំនាញពាក់កព័ន្ធទៅនឹងការអនុវត្តប្រព័ន្ធត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារ ផ្តល់ដំបូន្មាន និងគាំទ្រដល់សហគ្រាសជលផល និងតួអង្គក្នុងខ្សែច្រវ៉ាក់តម្លៃប្រកបដោយប្រសិទិ្ធភាព។ នេះគឺជាការបោះជំហានដ៏ធំសម្បើមមួយក្នុងការសម្រេចបានអនុលោមភាពនៃតម្រូវការនាំចេញ និងទីផ្សារក្នុងស្រុក ក្នុងទិសដៅជំរុញការអភិវឌ្ឍវិស័យជលផលជារួម។ គម្រោងទទួលបានថវិកាគាំទ្រពី សហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល Fisheries Administration (FiA) និងអង្គការ UNIDO។
-
សិក្ខាបណ្តុះបណ្តាលស្តីអំពីការអភិវឌ្ឍប្រព័ន្ធអង្កេតដានឌីជីថលសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផល ផលិតផលជលផល
លើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពក្នុងខ្សែច្រវាក់តម្លៃជលផលនៅកម្ពុជា! គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំសិក្ខាបណ្តុះបណ្តាលស្តីអំពីការអភិវឌ្ឍប្រព័ន្ធអង្កេតដានឌីជីថលសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផល ផលិតផលជលផលកម្ពុជា។ សហគ្រាសដែលអនុវត្តប្រព័ន្ធអង្កេតដាន នឹងទទួលបានទំនុកចិត្តពីអ្នកបរិភោគ និងភាពប្រកួតប្រជែងកាន់តែខ្ពស់ ដើម្បីមានលទ្ធភាពឈានចូលទីផ្សារកាន់តែទូលាយ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមអនុវត្តប្រព័ន្ធអង្កេតដាន។ រួមគ្នា យើងអាចធ្វើឲ្យកាន់តែទំនើបប្រសើរឡើងនូវប្រព័ន្ធអង្កេតដានដើម្បីតាមដាន និងពិនិត្យផល ផលិតផលជលផលខ្មែរតាំងពីកសិដ្ឋានរហូតដល់តុអាហារ។ គម្រោងគាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងរួមគ្នាអនុវត្តដោយ រដ្ឋបាលជលផល និងអង្គការ យូនីដូ។