Cambodian Delegation Participate in the World Seafood Congress
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងសន្និបាតផលិតផលអាហារសមុទ្រពិភពលោក នាទីក្រុងផែននីស ប្រទេសព័រទុយហ្គាល់ ដើម្បីស្វែងយល់អំពីនិន្នការ ការអភិវឌ្ឍ និងឧត្តមានុវត្តន៍ក្នុងការអនុវត្តប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការក្នុងវិស័យជលផល។
សន្និបាតផ្តល់វេទិកាឱ្យអ្នកជំនាញ និងភាគីពាក់ព័ន្ធបានជួបពិភាក្សាក្នុងគោលដៅរួមបង្កើនផលិតកម្ម និងចែកចាយផល ផលិតផលជលផលធម្មជាតិ និងពីវារីវប្បកម្ម ដោយគិតគូរពីផលប្រយោជន៍របស់ប្រតិបត្តិករ សហគ្រាសកែច្នៃផល ផលិតផលជលផល តួអង្គពាក់ព័ន្ធក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសអតិថិជន អ្នកបរិភោគចុងក្រោយតែម្តង។
ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និង រដ្ឋបាលជលផល Fisheries Administration (FiA) តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបានការទទួលស្គាល់ដែលមានតម្លៃស្មើគ្នាពី សហភាពអឺរ៉ុបស្តីពីសុវត្ថិភាពម្ហូបអាហារ ជាមួយគោលដៅចុងក្រោយចុះបញ្ជីកម្ពុជាជាប្រទេសដែលមានសិទិ្ធនាំចេញផល ផលិតផលជលផលទៅកាន់សហភាពអឺរ៉ុប។
នេះជាផ្នែកមួយនៃគម្រោង CAPFISH-Capture ដែលមានការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប។



