ព័ត៌មានទូទៅ
រដ្ឋបាលជលផល (FiA) គឺជាអង្គភាពរដ្ឋចំណុះឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានភារកិច្ចគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ ធនធានជលផលប្រកបដោយនិរន្តរភាព។ បេសកកម្មចម្បងៗរបស់រដ្ឋបាលជលផល រួមមាន៖ (i) ការគ្រប់គ្រង គ្របដណ្តប់លើកិច្ចការ រដ្ឋបាល គ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានជលផល និងសហគមន៍នេសាទ, (ii) ការតាក់តែងច្បាប់ស្តីពីជលផល គោលនយោបាយពាក់ព័ន្ធ រៀបចំផែនការ និងអនុវត្តច្បាប់ប្រកបដោយប្រសិទិ្ធភាព និង (iii) ការផ្តល់បច្ចេកទេស ផ្តោតលើការស្រាវជ្រាវវិទ្យាសាស្ត្រ អភិរក្ស និង អភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកនេសាទ និងវារីវប្បកម្ម តាមដាននិងត្រួតពិនិត្យវិស័យជលផលជារួម។ នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព (DFPTQ) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ FiA ទទួលបន្ទុកត្រួតពិនិត្យនិងអធិការកិច្ចទីតាំងបែងចែកផលនេសាទ និង សហគ្រាសកែច្នៃផល ផលិតផលជលផលទាំងអស់ និងចេញវិញ្ញាបនប័ត្រសម្រាប់នាំចេញផលិតផល។