ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ចេញ​ផ្សាយ​ ២២ មករា ២០២១ 8492

ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែមករា ឆ្នាំ២០ ២១ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹម និងផលិតពូជត្រីលម្អ First Aquatic Industrial Co., Ltd ស្ថិតនៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កសិដ្ឋាននេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគប្រមាណ ៤លានដុល្លារ ដោយមិនបានរួមបញ្ចូលការវិនិយោគលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធទេ។ បច្ចុប្បន្នកសិដ្ឋានមានផលិតពូជ និងចិញ្ចឹមត្រីលម្អត្រីនាគ និងត្រីបបែលទឹកសាបដែលនាំពូជចូលមកពីប្រទេសចិន និងមានពូជត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀតផងដែរ។ នៅឆ្នាំខាងមុខនេះ កសិដ្ឋានគ្រោងនឹងនាំចេញត្រីនាគ ១០០០ក្បាល/ឆ្នាំ (តម្លៃត្រីនាគធំចាប់ពី ១០០០ដុល្លារ/ក្បាល) និងត្រីបបែលទឹកសាបជាង៥០០០ក្បាល/ឆ្នាំ (តម្លៃត្រីបបែល ២០០ដុល្លារ/ក្បាល) ទៅកាន់ទីផ្សារប្រទេសចិន។ កសិដ្ឋានប្រើកម្មករសរុបចំនួន ៥០នាក់ ក្នុងនោះមានអ្នកជំនាញបង្កាត់ភ្ញាស់មកពីប្រទេសទេសចិន និងខ្មែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុន ដោយបញ្ជាក់ថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការសម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគផលិតពូជ និងចិញ្ចឹមត្រីលម្អ ដំណើរការនាំចេញត្រីលម្អនេះសម្រេចទទួលបានជោគជ័យ។