លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល

ចេញ​ផ្សាយ​ ២៣ មិថុនា ២០២២ 3820

រដ្ឋបាលជលផល សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ការទំនាក់ទំនងរវាងការឃ្លាំមើលពីអាកាសមកនាវាល្បាតលើទឹក ចាប់ពីថ្ងៃចន្ទ ០៦រោច ដល់១១រោច ខែជេស្ឋ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នៅខេត្តកំពត ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការល្បាតបទល្មើសជលផល។ ការបណ្តុះបណ្តាលនេះ ដឹកនាំសម្របសម្រួលដោយលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងអ្នកសម្របសម្រួលកម្មវិធីCAPFISH-Capture និងលោកហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មនៃរដ្ឋបាលជលផល និងក្រុមការងារបច្ចេកទេសនៃអង្គការFAO។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើការអនុវត្តផ្ទាល់គឺការឡើងជិះឧទ្ធម្ភាគចក្រ ហោះឃ្លាំមើលពីអាកាស ឃើញទូកនេសាទសង្ស័យ ទាក់ទងតាមវិទ្យុទំនាក់ទំនង ហៅនាវាល្បាតដែលល្បាតលើទឹកទៅធ្វើអធិការកិច្ច ឆែក ត្រួតពិនិត្យការនេសាទ និងលិខិតស្នាមពាក់ព័ន្ធដូចជាលិខិតចុះបញ្ជីនាវា និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ។