ដំណើរទស្សនកិច្ចសិក្សារបស់ គណ:ប្រតិភូតំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ទៅកាន់តំបន់ឆ្នេរ ដើម្បីពិនិត្យការអនុវត្ត កម្មវិធី “ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)" ក្នុងខេត្តព្រះសីហនុ ពីថ្ងៃទី ២២ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២

ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២២ 5640

ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអនុប្រធានកម្មវិធី CAPFISH-Capture រួមទាំងមន្ត្រីបច្ចេកទេសរដ្ឋបាលជលផល បានចូលរួមក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូតំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO)  អង្គការ UNIDO ព្រមទាំងអង្គការដៃគូ NGO មួយចំនួនទៀត ដែលពាក់ព័ន្ធនឹងកម្មវិធី “ជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកនេសាទ (CAPFISH-Capture) ដែលបានដឹកនាំដោយ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសកម្មវិធី និងគណៈប្រតិភូសហភាពអឺរ៉ុបរួមមាន លោក Bryan FORNARI ជាប្រធានកិច្ចសហប្រតិបត្តិការ និងលោក Sebastien COPIN អ្នកគ្រប់គ្រងកម្មវិធី CAPFISH-Capture  និងមានការចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិពាក់ព័ន្ធ។

គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តកម្មវិធី CAPFISH នៅខេត្តតំបន់ឆ្នេរ ពិសេសលើការអភិវឌ្ឍសហគមន៍នេសាទ រួមទាំងសកម្មភាពពង្រឹងសមត្ថភាពលើការអនុវត្ត ផែនការ ទប់ស្កាត់ការនេសាទខុសច្បាប់គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ដើម្បីឈានដល់ការដោះកាតក្រហមពីសហភាពអឺរ៉ុប មកលើនេសាទសមុទ្រនៃប្រទេសកម្ពុជា។ បន្ទាប់ពីដំណើរទស្សនកិច្ច គណៈកម្មការតម្រង់ទិសរបស់កម្មវិធី CAPFISH នឹងរៀបចំកិច្ចប្រជុំលើកទី៥ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នៅខេត្ត-ព្រះសីហនុ។ 

ជាលទ្ធផល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈប្រតិភូបានជួបប្រជុំពិភាក្សាជាមួយសហគមន៍នេសាទជំពូខ្មៅ ស្ថិតនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់។ នៅក្នុងជំនួបប្រជុំនេះ ប្រធានបទសំខាន់ៗត្រូវបានលើកយកមកពិភាក្សារួមមាន ការចូលរួមគ្រប់គ្រងតំបន់អភិរក្សជលផលរបស់សហគមន៍នេសាទ ដោយគម្រោងបានគាំទ្រជម្រកត្រីសប្បនិម្មិត្តឬប្រអប់ស៊ីម៉ង់ចំនួន១០០ ដើម្បីដាក់នៅតំបន់អភិរក្សសហគមន៍ ការចេញល្បាតដើម្បីចូលរួមទប់ស្កាត់បទល្មើសនេសាទ រៀបចំផែនការសកម្មភាព និងការចំណាយដែលទទួលបានកញ្ចប់ថវិកាជំនួយខ្នាតតូច តាមរយៈរដ្ឋបាលជលផល និងការរៀបចំផែនការគ្រប់គ្រង និងអភិរក្សព្រៃកោងកាងទំហំ២៨២ហិកតានៅក្នុងសហគមន៍នេសាទដោយមានការដាំស្តារឡើងវិញ ការបោះបង្គោលព្រំប្រទល់ដែននេសាទអភិរក្ស និងការដាក់ផ្លាកសញ្ញាហាមឃាត់ការកាប់ទន្រ្ទានព្រៃកោងកាង។ ក្នុងនោះដែរសហគមន៍បានរាយការណ៍ថា បន្ទាប់ពីការចងក្រងជាសហគមន៍ ពង្រឹងការល្បាត និងការងារអភិរក្យ ធ្វើឱ្យទិន្នផលនេសាទមានការកើនឡើងបណ្តើរៗ ហើយសហគមន៍នេសាទ មានធនធានសម្រាប់អនុវត្តតាមផែនការបានមួយចំនួន ដោយសារទទួលបានថវិកាជំនួយខ្នាតតូចពីសហភាពអឺរ៉ុប តាមរយៈរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល សម្រាប់ការងារអភិរក្សនេះ ដើម្បីចូលរួមជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទប្រកបដោយនិរន្តរភាព។

ដោយឡែក នៅពេលរសៀលនាថ្ងៃដដែលនេះ គណៈប្រតិភូបានទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ដើម្បីស្វែងយល់បន្ថែមពីការភ្ញាស់ពូជត្រីសមុទ្រប្រភេទផ្សេងៗ ការរក្សាត្រីមេពូជ ការថែទាំកូនត្រី និងភាពប្រឈមនានា ក៏ដូចជាផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។ នៅរសៀលថ្ងៃដដែល នោះដែរ ក៏មានកិច្ចប្រជុំជាមួយមន្រ្តីបច្ចេកទេស នៅវិទ្យាស្ថានស្រាវជ្រាវជលផលសមុទ្រ (MAFReDI) និងសង្កេតមើលប្រព័ន្ធតាមដានទូកនេសាទ (VMS) ដោយមានការពន្យល់ពីអ្នកបច្ចេកទេស ជាតិ និងអន្តរជាតិ។ បន្ទាប់កមក៏មានការប្រជុំជាមួយបណ្តាញអង្គការមិនមែនរដ្ឋាភិបាល (NGOs) ដែលធ្វើការនៅតំបន់ឆ្នេរ និងបានពិភាក្សាពីការងាររបស់បណ្តាញអង្គការចំនួន៨ ដែលកំពុងចូលរួមធ្វើការអភិវឌ្ឍវិស័យជលផលនៅតំបន់ឆ្នេរ ដែលសម្របសម្រួលនិងធ្វើបទបង្ហាញដោយអង្គការ Action Aid និងអង្គការ WEA។

សម្រាប់កម្មវិធីថ្ងៃទី២៣ គណៈប្រតិភូបានអញ្ជើញទៅទស្សនាកំពង់ផែឡើងត្រីរបស់ប្រជានេសាទដើម្បីពិនិត្យមើលលើទិន្នផលដែលបានចាប់ ប្រភេទពូជត្រី និងការថែទាំផលត្រី ការលក់ និងតម្លៃទីផ្សារត្រីស្រស់។ 
គណៈប្រតិភូ ក៏បានពិនិត្យឧបករណ៍តាមដានទូកនេសាទ (vessel monitoring system) ដែលបានបំពាក់លើទូកនេសាទ ក៏ដូចជាទស្សនាសិប្បកម្មកែច្នៃបង្គារក្រៀមពីស្ថានភាពការទិញទិន្នផលនេសាទ ការកែច្នៃ និងតម្លៃទីផ្សារផងដែរ។