សូមស្វាគមន៍ មិត្តអ្នកអានតាមប្រព័ន្ធវែបសាយជាទីមេត្រី ខ្ញុំបាទ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រិយមិត្តទាំងអស់ដែលបាន ឆ្លៀតឱកាសយកចិត្តទុកដាក់មើលអាននិងតាមដាននូវព័ត៌មានវិស័យជលផលរបស់ ព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវែបសាយនេះ។
វិស័យជលផលមានតួនាទីដ៏សំខាន់ជាយូរយារណាស់មកហើយសំរាប់ប្រជាជនកម្ពុជា។ វាជាប្រភពដ៏ចំបងនិង ចាំបាច់នូវអាហារូបត្ថម្ភនៅក្នុងរបបអាហារប្រចាំថ្ងៃនិងជាប្រភពប្រាក់ចំណូលយ៉ាងសំខាន់ហើយក៏មានសារៈសំខាន់ ផងដែរខាងវិស័យវប្បធម៍ពិសេសបាននឹងកំពុងផ្តល់មុខរបរយ៉ាងសំខាន់បំផុតដល់ប្រជាពលរដ្ឋជាង ៦ លាននាក់ដែល ស្មើនឹង ៤៥,៥% នៃប្រជាជនទូទាំងប្រទេស១០,៥%សំរាប់ការនេសាទជាលក្ខណៈអាជីពនិង៣៥%សំរាប់ការនេសាទ ចិញ្ចឹមជិវិតក្នុងនោះមានប្រជាជនដែលរស់នៅតាមដងទន្លេនានាជុំវិញបឹងទន្លេសាបនិងនៅតាមតំបន់ឆ្នេរ។
ចាប់តាំងពីឆ្នាំ២០០០ ផលិតផលត្រីទឹកសាបកម្ពុជាត្រូវជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោកបន្ទាប់ពីប្រទេសធំ ចំនួនបីមានៈចិន ឥណ្ឌា និងបង់ក្លាដេស ប៉ុន្តែបើគិតពីផលិតផល ត្រីទឹកសាបដែលទទួលបានដោយប្រជាជនម្នាក់ៗ វិញប្រទេសកម្ពុជាត្រូវជាប់ចំណាត់ថ្នាក់ទី ១លើពិភពលោក។
ប្រជាជនកម្ពុជាគឺជាជនជាតិមួយក្នុងចំណោមជនជាតិជាច្រើនដែលបានហូបត្រីច្រើនជាងគេលើពិភពលោក។ ប្រជាជនកម្ពុជាម្នាក់ៗហូបត្រីស្រស់់ ៣៧,៥ គក្រ/ឆ្នាំ។ នៅតំបន់វាល ទំនាបជុំវិញបឹងទន្លេសាបនិងទន្លេមេគង្គ ប្រជាជនកម្ពុជាម្នាក់ៗ ហូបត្រីអស់ ៦៧ គក្រ/ឆ្នាំ ។ តួលេខនេះ គឺខ្ពស់ជាងប្រទេសជាច្រើនលើពិភពលោកដែល ប្រជាជនម្នាក់ហូបត្រីជាមធ្យមអស់ ១៥ គក្រ ប៉ុណ្ណោះ។ បច្ចុប្បន្ននេះប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោម ប្រទេសនានាលើពិភពលោកដែលសំបូរប្រភេទត្រីទឹកសាបនិងទឹកប្រៃដែលមានចំនួនជាង ១២០០ប្រភេទក្នុងនោះ ប្រភេទត្រីទឹកសាប មានជាង៥០០ប្រភេទនិងត្រីទឹកប្រៃ មានជាង៧០០ប្រភេទ ។ នេះ គឺជាមោទនភាពរបស់ប្រទេស កម្ពុជាដែលមានបឹងទន្លេសាបជាបឹងមួយធំជាងគេនិងសំបូរត្រីជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ ។បឹងនេះ មានត្រីជាង ២០០ប្រភេទដែលបានផ្តល់ផលិតផលត្រីជាង ៦០ ភាគរយ នៃផលិតផលត្រីទឹកសាបសរុបនៃប្រទេសកម្ពុជា ។ ផលិតផល ត្រីទឹកសាប នៃប្រទេសកម្ពុជាសរុបមានជាង ៤០០,០០០ តោន/ឆ្នាំដែលមានតម្លៃជាង២០០ លានដុល្លាអាមេរិក។ ប្រទេសកម្ពុជាមានប្រភេទត្រីដែលតូចជាងគេ មានប្រវែង២,៥ ស.ម រហូតដល់ប្រភេទត្រីធំបំផុតលើពិភពលោកដូចជា ត្រីរាជមានប្រវែង ៣មមានទំងន់ជាង៣០០គ.ក្រ ត្រីគល់រាំងមានប្រវែងជាង ២ម មានទំងន់ជាង២០០គក្រ និងត្រីបបែល មានប្រវែង៤មមានទំងន់ជាង ១៥០គក្រ។សមុទ្រកម្ពុជាក៏សំបូរដោយធនធានជលផលដែរ ហើយផលិតផលត្រី សមុទ្រមានជាង ៦០,០០០ តោន/ឆ្នាំ ។
ជាទីបញ្ចប់តាងនាមរដ្ឋបាលជលផល ក៏ដូចជាខ្លួនខ្ញុំបាទផ្ទាល់សូមគោរពជូនពរប្រិយមិត្តទាំងអស់បានប្រកបតែ ពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំប្បីឃ្លៀងឃ្លាតឡើយ។
គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធានាសន្តិសុខស្បៀង លើកសម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
អភិរក្សធនធានជលផលនិងជីវចម្រុះប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រទេសជាតិ
ធានាការគ្រប់គ្រងនិងប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព
អភិវឌ្ឍវារីវប្បកម្មដើម្បីរួមចំណែកធានាសន្តិសុខស្បៀងនិងកាត់បន្ថយភាពក្រីក្រ
ធានាគុណភាពនិងសុវត្ថិភាពផល ផលិតផលជលផលនិង
អភិវឌ្ឍនិងគ្រប់គ្រងខ្សែចង្វាក់ផលិតកម្មផលនិងផលិតផលជលផល។
ការងាររដ្ឋបាលរួមមាន ការគ្រប់គ្រងរដ្ឋបាល ការចាត់ចែងរាល់សកម្មភាពជលផល និអភិវឌ្ឍន៍សហគមន៍សាទ
ការងារបច្ចេកទេសរួមមាន ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ អភិរក្ស អភិវឌ្ឍន៍ សេដ្ឋកិច្ច បច្ចេកវិទ្យាជលផlនិង បច្ចេកវិទ្យាដែលពាក់ព័ន្ធ នឹងជលផល ព្រមទាំងការបង្កើនវារីវប្បកម្មនិង
ការងារអនុវត្តច្បាប់រួមមាន ការងារអធិការកិច្ច ការអង្កេត ការតាមដាន និងការត្រួតពិនិត្យរាល់សកម្មភាពជលផល ក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌
វិស័យជលផលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំរិតជីវភាពរស់នៅរបស់ប្រជាជនជនបទ និងរួមចំណែក ដល់សេដ្ឋកិច្ចជាតិនិងសន្តិសុខស្បៀង។ ត្រីផ្តល់នូវជាតិប្រូតេអ៊ីន ប្រមាណជាង ៧៥%នៃប្រូតេអ៊ីនដែលបានមកពីសាច់សត្វ នៅក្នុងអាហារ។វិស័យជលផលបានស្រូបទាញកំលាំងពលកម្មពេញម៉ោងដល់មនុស្សប្រមាណ ជាង ១,៥ លាននាក់ ហើយមានមនុស្សយ៉ាងតិចប្រមាណ ៦ លាននាក់ចូលរួមក្នុងសកម្មភាពនេសាទ។ គោលដៅនៃវិស័យជលផល គឺបង្កើនការចូលរួមរបស់វិស័យជលផលដើម្បីសំរេចឱ្យបាននូវកម្មវត្ថុអភិវឌ្ឍន៍ជាតិ ជាពិសេសចំពោះសកម្មភាពដែលពាក់ព័ន្ឋក្នុងការ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនក្រីក្រតាមជនបទ លើកតម្កើងសន្តិសុខស្បៀង ហើយការអភិវឌ្ឍន៍ដោយជីរភាពនិងការប្រើប្រាស់ធនធានជលផលប្រកបដោយសមធម៌។
រាជរដ្ឋាភិបាលបានផ្តល់លទ្ធភាពឱ្យការអភិវឌ្ឍន៍ដោយផ្អែកលើសហគមន៍នៃវិស័យជលផលដោយផ្តល់អំណាចដល់សហគមន៍មូលដ្នានដើម្បីឱ្យប្រជានេសាទអាចចូលរួម យ៉ាងសកម្មដោយផ្ទាល់និង សមធម៌នៅក្នុងផែនការកម្មវិធី និងការគ្រប់គ្រងវិស័យជលផល។
រាជរដ្ឋាភិបាលនឹងបន្តរកម្មវិធីរបស់ខ្លួនក្នុងការកែទម្រង់ឱ្យបានច្រើនថែមទៀតនូវឡូត៍នេសាទទាំងឡាយ ដែលចប់កិច្ចសន្យា ហើយប្រែក្លាយឡូត៍ទាំងនេះឱ្យទៅជាកន្លែងនេសាទបំរុងទុកដែលតាមរយៈនេះគេអាចជួយ បង្កើនផលស្តុកត្រីធម្មជាតិ ហើយអភិរក្សប្រភេទត្រីដែលកំពុងរងគ្រោះ។ កន្លែងនេសាទសាធារណៈនឹងត្រូវពង្រីកហើយ វារីវប្បកម្ម នឹងត្រូវលើកស្ទួយដើម្បីឆ្លើយតបទៅនឹងតំរូវការត្រីសាច់ដែលចេះតែកើនឡើង ក៏ដូចជាដើម្បីកាត់បន្ថយនូវសំពាធលើធនធាន ជលផល។ រដ្ឋបាលជលផលនឹង សហការជាមួយបណ្តាក្រសួង នាយកដ្ឋាន និងភ្នាក់ងារដ៍ទៃទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការផ្លាស់ប្តូរកំរិតជីវភាពរបស់ប្រជាជនគ្រប់ស្រទាប់ ពោលគឺការគ្រប់គ្រងវិស័យជលផលប្រកបដោយប្រសិទ្ឋិភាព ដើម្បីសំរេចបាននូវគោលដៅដែលបានលើកឡើងខាងលើ ផែនការសកម្មភាពវិស័យជលផលទាមទារឱ្យមានការ រៀបចំជាមុននូវមធ្យោបាយនានាដោយផ្តោតទៅលើ សកម្មភាពជាអាទិភាពសំខាន់ៗ ដើម្បីអនុវតន្ត៍អោយបានឆាប់រហ័ស។
១. ពិនិត្យសារឡើងវិញ កែសំរួល ហើយនិងធ្វើអោយប្រសើរឡើងនូវគោលនយោបាយ ផែនការ បទដ្ឋាន ច្បាប់ ស្ថាប័ន និងសមត្ថភាព “មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ” នៃ វិស័យជលផល
២. បង្កើនតំបន់នេសាទជាលក្ខណៈគ្រួសារអោយបានច្រើន តាមរយៈការកែទំរង់ឡូត៏នេសាទ
៣. ធ្វើអោយប្រសើឡើងនូវផលស្តុកតាមរយៈការអភិក្ស និងការសិក្សាស្រាវជ្រាវ
៤. ការគ្រប់គ្រងធនធានជលផលផ្អែកដោយសហគមន៍ដើម្បីជំរុញនូវការចូលរួមរបស់ប្រជាជនមូលដ្ឋាន ក្នុងការគ្រប់គ្រងវិស័យជលផលផ្សាភ្ជាប់ទៅនឹងការផ្លាស់ប្តូរជីវភាពរស់នៅ
៥. ធ្វើឱ្យប្រសើឡើងនូវជីវភាពរស់នៅរបស់ប្រជាជនក្រីក្រតាមជនបទ តាមរយៈការបង្កើនតួនាទីត្រីក្នុងសន្តិសុខស្បៀង ការងារ និងការរក ប្រាក់ចំណូលដោយធ្វើអោយ ប្រាកដនូវការប្រើប្រាស់ធនធានជលផលប្រកបដោយ និរន្តរភាពនិងដោយ បង្កើនកំរិតផលិតកម្មគ្រួសារ និងសហគមន៍តាមរយៈការ អភិវឌ្ឍន៍វារីវប្បកម្មជនបទ
៦. ធ្វើអោយប្រសើឡើងនូវជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ ដោយបង្កើនសមត្ថភាពរបស់ពួកគេឱ្យចេះ កែច្នៃផលត្រីប្រកបដោយប្រសិទ្ឋិភាពខ្ពស់តាមរយៈការអភិវឌ្ឍន៍ខ្សែ សង្វាក់ផលិតកម្មជលផល។
យើងនឹងសម្រេចឱ្យបាននូវអាទិភាពទាំងអស់ខាងលើ ហើយទន្ទឹមនឹងនេះក៏យើងប្រកាន់ខ្ជាប់នូវ កាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជាដែលបានធ្វើជាមួយអង្គការ អន្តរជាតិនានាដូចជាអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) កតិការសញ្ញាអន្តរជាតិស្តីអំពីការធ្វើពាណិជ្ជកម្មលើប្រភេទសត្វដែលជិតផុតពូជ (CITES) និងប្រទេសដែលជា សមាជិកាអាស៊ាន (ASEAN)ហើយនិងកាតព្វកិច្ចក្រមជលផល ដែលបានធ្វើជាមួយអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO)។